សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកយោធារវាងកម្ពុជា-ចិន គឺបានពិគ្រោះគ្នាគ្រប់ជ្រុងជ្រោយអំពីផែនការអភិវឌ្ឍន៍ និងការរៀបចំលើកកម្រិតសម្រាប់កងយោធពលខេមរភូមិន្ទ ដែលមានការយកចិត្តទុកដាក់ពីកងទ័ពរំដោះប្រជាជនចិនបម្រុងនឹងជួយលើកិច្ចការមួយចំនួន។ ការបញ្ជាក់របស់សម្តេចពិជ័យសេនា ដូចនេះបានធ្វើឡើង ក្នុងដំណើរត្រលប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា បញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយសារតែកម្ពុជា-ចិន បានរៀបចំគណៈកម្មការចម្រុះផ្នែកយោធាជាមួយគ្នា ហើយកិច្ចប្រជុំលើកដំបូងរបស់គណកម្មការនេះនៅប្រទេសចិន ដើម្បីពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការ។ ដោយឡែកសម្រាប់កម្ពុជា បានរៀបចំអនុគណៈកម្មការចំនួន២ដែរ គឺអនុគណៈកម្មការសម្រាប់កិច្ចសហប្រតិបត្តិការយោធា និងអនុគណៈកម្មការកិច្ចសហការប្រតិបត្តិខាងបច្ចេកទេសយោធា។
សម្តេចពិជ័យសេនា សង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍ចំពោះមិត្តភក្តិទាំងឡាយនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បើសិនជាចង់ជួយអភិវឌ្ឍន៍ ឬជំរុញវិស័យយោធាឱ្យដំណើរការទៅមុខបានជឿនលឿន គឺកម្ពុជាស្វាគមន៍ទាំងអស់។
គួរបញ្ជាក់ថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២ ។ ទស្សនកិច្ចរបស់សម្ដេចពិជ័យសេនា ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសចិននិងកម្ពុជា។