បើទោះបីជាតម្លៃប្រេងទីផ្សារអន្តរជាតិកើនឡើងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មីថា នឹងមិនដំឡើងថ្លៃអគ្គិសនីឡើយ ខណៈដែលតម្លៃប្រេងឥន្ធនៈក៏មានធ្លាក់ចុះថ្លៃ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រស នាព្រឹកថ្ងៃទី១៧ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ទោះបីជាពិភពលោកកំពុងមានវិបត្តិប្រេងឥន្ធនៈ និងថាមពលក៏ដោយ តែនៅកម្ពុជាមិនមានការដំឡើងថ្លៃអគ្គិសនីទេ ហើយតម្លៃប្រេងឥន្ធនៈ ក៏មានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។
យ៉ាងណា សម្តេចតេជោបានគូសបញ្ជាក់ថា ថ្លៃប្រេងឡើងថ្លៃ អាចនាំដល់ការកើនឡើងអតិផរណា មុខទំនិញ ដែលជាក្តីកង្វល់ដល់អ្នកប្រើប្រាស់ វិនិយោគ និងអាជីវកម្ម។
ដោយឡែកបញ្ហាសន្តសុខស្បៀង មិនមែនជាក្តីបារម្ភខ្លាំងពេកទេ ដោយសារកម្ពុជា ជាផលិតស្បៀង -ស្រូវ អង្ករ ដែលនៅសន្និធិស្រូវ អង្ករ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ សម្តេចតេជោបន្ថែម៕