នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំបឋម កាលពីថ្ងៃទី១៦ ខែសីហា នៅរដ្ឋបាលខេត្តសៀមរាប មុននឹងអនុវត្តន៍ការងារខាងលើ លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន បានមានប្រសាសន៍ថា ក្រុមការងារអនុវត្តចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍ការងាររយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៨ ខែសីហា តទៅ និងមានមន្ត្រីជំនាញមកពីមន្ទីរសុរិយោដី ជាច្រើនខេត្តរួមគ្នា។
លោកអគ្គនាយកលំនៅឋាន បានបញ្ជាក់បន្ថែមថា ក្រុមការងារត្រូវកំណត់ការប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង ឱ្យបានច្បាស់លាស់អំពីនិយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់។ ម៉្យាងទៀតក៏ត្រូវ ចុះបញ្ជីក្បាលដីឱ្យបានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត។
យុទ្ធនាការខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ តែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ធានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ជា សុផារ៉ា ជាប្រធាន, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន, ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ជាអនុប្រធាន, ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិកចំនួន ០៩ នាក់ផ្សេងទៀត។
សូមជម្រាបថា សំណង់ខុសច្បាប់បានផ្ទុះឡើងសាជាថ្មីនៅរយៈពេលចុងក្រោយនេះ ពិសេសកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងមុនពេលបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ បើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ដែលធ្លាប់បានបញ្ជាក់ពីមុន រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ យ៉ាងណា លោក ទៀ សីហា បានចេញមុខបញ្ជាក់ថា សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ នឹងត្រូវរុះរើទាំងអស់ ដោយពុំមានការយោគយល់ឡើយ៕