ប្រធានាធិបតីស្រីលង្កា ប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន

អន្តរជាតិ

ប្រទេស​ស្រីលង្កា នឹង​មិន​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​តទៀត​ឡើយ បន្ទាប់​ពី​ស្ថានការណ៍​ក្នុង​ប្រទេស​ហាក់​មាន​ស្ថិរភាព​ឡើងវិញ ស្របពេល​ក្រុម​បាតុករ​ក៏​លែងសូវ​បង្ក​ភាព​វឹកវរ​ដូចគ្នា។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​ប្រធានាធិបតី​កាលពី​ថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ranil Wickremesinghe បាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងតែង​រយៈពេល ៤ ​ថ្ងៃ បន្ទាប់​ពី​ប្រធានាធិបតី​អាណត្តិមុន បាន​ភៀសខ្លួន​ទៅ​បរទេស និង​លាលែង​តំណែង​នៅ​ថ្ងៃទី ១៤ ​កក្កដា ក្រោយ​ក្រុម​បាតុករ​តវ៉ា​ខ្លាំងក្លា ពី​បញ្ហា​កង្វះខាត​ស្បៀងអាហារ ​ប្រេង​ឥន្ធនៈ និង​ថ្នាំសង្កូវ។

យ៉ាងណា ក្រោយ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី លោក Ranil បាន​ព្យាយាម​យ៉ាង​ខ្លាំង ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​ប្រទេស ហើយ​ជា​លទ្ធផល​វា​ពិត​ជា​បាន​សម្រេច​ដូច​ការ​ព្រៀង​ទុក ដោយ​ស្ថានការណ៍​អាច​ស្ថិត​ក្នុង​សភាព​គ្រប់គ្រង​ឡើងវិញ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី CNA។

“​ស្ថានការណ៍​ក្នុង​ប្រទេស​ពេលនេះ​គឺ​កំពុង​មាន​ស្ថិរភាព​ឡើងវិញ ដូច្នេះ​វា​មិន​ចាំបាច់​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទៀត​ឡើយ នៅ​សប្ដាហ៍​នេះ”។ នេះ​បើ​យោង​តាម​សម្រង់​សម្ដី​របស់​ប្រធានាធិបតី​ថ្មី​ស្រីលង្កា។

សូម​រំលឹក​ដែរ​ថា កាលពី​ចុងឆ្នាំ​មុន ប្រជាជន​ប្រមាណ ២២ លាន​នាក់​នៅ​ប្រទេស​ស្រីលង្កា ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បន្ទាប់​ពី​ទុនបម្រុង​ជាតិ​បាន​ប្រើប្រាស់​អស់ ស្របពេល​បំណុល​បរទេស​មាន​វ័ណ្ឌក រហូត​បង្ក​ឲ្យ​មាន​ជា​បាតុកម្ម​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​លាលែង​ពី​តំណែង​ថែម​ទៀត៕