ការចេញចូលនាវាតាមកំពង់ផែ នឹងកាន់តែរហ័ស ក្រោយកម្ពុជាដាក់ដំណើរការប្រព័ន្ធPort EDI ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ជាការធ្វើទំនើបកម្មឱ្យស្របតាមកំពង់ផែក្នុងតំបន់ និងសាកលលោក ពិសេសប្រព័ន្ធនេះ នឹងអាចទាក់ទាញឱ្យនាវានានាចូលចេញបានច្រើន នឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ដែរថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានរៀបចំឡើងដោយមានក្រុមការងារនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយក្រុមជំនាញ JICA ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង (EXEO GROUP, INC.) និងភាគីពាក់ព័ន្ធនានា។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក ១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០,០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះនាពេលអនាគត។

សូមជម្រាបជូនថា ក្រសួងសាធារណការ កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈផងដែរ។

ហេតុនេះ ប្រព័ន្ធ Port EDIនេះ នឹងជួយសម្រួលដល់នីតិវិធីចូលចេញកំពង់ផែកម្ពុជា សម្រាប់នាវា ដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅដល់ការគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសផងដែរ។នេះបើតាមប្រសាសន៍របស់ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៕ អត្ថបទ៖ រង្សី