កាលពី ខែមុន អតីតយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបោះពាក្យបែបឌឺដង ទៅកាន់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា ថានឹងវិលត្រលប់មកកាន់ប្រទេសថៃវិញ ទាំងដែលពេលបច្ចុប្បន្ននេះ លោកកំពុងនិរទេសខ្លួន នៅក្រៅខាងប្រទេស នៅឡើយ។
ជាការពិតណាស់ រដ្ឋាភិបាលប្រទេសថៃ បានចាត់ទុកលោក ថាក់ស៊ីន ជាអ្នកទោស តាំងពីឆ្នាំ ២០០៦ មកម្លេះ ខណ:ជាឆ្នាំដែលក្រុមហ៊ុនទាហានថៃ បានធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែង ជានាយករដ្ឋមន្ត្រី ហើយលោកបានរត់ភៀសខ្លួនចេញពីប្រទេសភ្លាម មុនពេលត្រូវបានកាត់ទោស ដោយតុលាការកំពូលពីបទបំពានអំណាច ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញដីមួយកន្លែង ។
តាមដែលគេដឹង លោក ថាក់ស៊ីន បច្ចុប្បន្នបានតាំងលំនៅដ្ឋាន នៅឯទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ប៉ុន្តែមុនទៅដល់ឌូបៃ លោក ថាក់ស៊ីន បានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើន ដែលក្នុងនោះ មានប្រទេសកម្ពុជា អង់គ្លេស បារាំង និង ម៉ុងតេនេហ្គ្រោផងដែរ ។
មុនឈានដល់ចំណុចនេះ លោកថាក់ស៊ីន បានចាប់ផ្តើមអាជីពដំបូងជាមន្ត្រីប៉ូលិសមួយរូប នៅក្នុងឆ្នាំ ១៩៧៣ ហើយរហូតដល់ឆ្នាំ ១៩៨៧ លោកបានលាលែងចេញពីអង្គភាពប៉ូលិសជាតិវិញ ដោយងាកទៅចាប់យកមុខជំនួញ បើកក្រុមហ៊ុនកុំព្យូទ័រ និងទូរស័ព្ទ ឈ្មោះថា Shinawatra Computer and Commuication Company Limited និងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ។
លុះដល់ឆ្នាំ ១៩៩៤ លោក ថាក់ស៊ីន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយព្រះមហាក្សត្ស និងដល់ឆ្នាំ ១៩៩៥ ថាក់ស៊ីន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី។ ហើយនៅឆ្នាំ១៩៩៨ លោក ថាក់ស៊ីន បានបង្កើតបក្សនយោបាយមួយ ឈ្មោះថា “ថៃរ៉័កថៃ” ។
សម្រាប់ការបង្កើតគណបក្សនោះ លោកថាក់ស៊ីន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ រហូតលោកត្រូវបានចាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយកាន់អំណាចពេញមួយអាណត្តិ ចាប់តាំងឆ្នាំពី ២០០១ ដល់ ឆ្នាំ ២០០៥ និងត្រូវបានបន្តបោះឆ្នោតឱ្យកាន់អំណាច នៅអាណត្តិបន្ទាប់ទៀត ។
តែយ៉ាងណា បន្ទាប់ពីកាន់អំណាច ក្នុងអាណត្តិថ្មី បានរយ:ពេលជាង ១ ឆ្នាំ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែង តាមរយ:ការធ្វើរដ្ឋប្រហារយោធា នៅខែកញ្ញា ឆ្នាំ ២០០៦ ក្នុងពេលដែលលោក កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។
ក្រោយធា្លក់ចេញពីអំណាច លោក ថាក់ស៊ីន ត្រូវបានតុលាថៃចោលប្រកាន់ទៅលើកំហុសជាច្រើន ទាក់ទងអំពីពុករលួយ ផ្តាច់ការ ទង្វើក្បត់ជាតិ ក៏ដូចជាការធ្វើសកម្មភាពក្រៅការទូត និងការបំបិទសិទ្ធិសេរីភាពសារព័ត៌មានថែមទៀតផង ។
រហូតដល់ខែតុលា ឆ្នាំ ២០០៨ លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលរកឃើញទៀតថា បានបំពានទៅលើច្បាប់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញដីមួយកន្លែង ហើយត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធធនាគាររយ:ពេលពីរឆ្នាំ ។ ចាប់តាំងពីពេលនោះមក លោកបានសម្រេចចិត្តភៀសខ្លួនចេញពីប្រទេស និងបានសុំសិទ្ធជ្រកកោននៅប្រទេសអង់គ្លេស និងបន្តមករស់នៅទីក្រុងឌូបៃ មកទល់ពេលសព្វថ្ងៃនេះ ។
ទន្ទឹមនឹងនេះ បើតាមដំណឹងចុងក្រោយមួយ បានបង្ហាញថា លោក ថាក់ស៊ីន អាចនឹងមានឱកាសវិលត្រលប់មកកាន់ប្រទេសកំណើតវិញ បន្ទាប់ពីលឺចចាមអារ៉ាមថា កូនស្រីពៅរបស់លោក គឺអ្នកស្រី ប៉ែថុងតាន ស៊ីណាវ៉ាត្រា កំពុងត្រៀមខ្លួន សម្រាប់ការចូលប្រឡូកនៅក្នុងឆាកនយោបាយ របស់ប្រទេសថៃ ដោយនឹងធ្វើការប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងធ្វើឡើង នៅក្នុងឆ្នាំ ២០២៣ ខាងមុខ ៕