នៅថ្ងៃពុធ ទី ១៧ សីហា ២០២២នេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានជួបចរចាជាមួយនិងរោងចក្រស្ករសក្នុងស្រុក ដើម្បីស្នើឲ្យពួកគេកាត់បន្ថយតម្លៃទំនិញប្រមាណ ៤០% ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយពី CNA។
ប្រភពដដែលបានបន្ថែមថា ទីផ្សារស្ករសក្នុងប្រទេសហ្វីលីពីនគឺកំពុងឡើងថ្លៃខ្លាំង ពោលតម្លៃរបស់វាកើនឡើងស្ទើរទ្វេដងនៅឆ្នាំនេះ ដោយចន្លោះពី ១០០ ទៅ ១១៥ ប៉េសូ/គក (ប្រមាណ ១,៧៩-២,០៦ ដុល្លារ)។
“ពួកយើងកំពុងចរចាជាមួយក្រុមពាណិជ្ជករ ដោយពួកគេសុំតម្លៃឲ្យនៅសល់ប្រហែល ៨០ ប៉េសូ/គក ប៉ុន្តែខ្ញុំស្នើឲ្យចុះត្រឹម ៧០ ប៉េសូ/គក ហើយពេលនេះពួកយើងកៀកនឹងសម្រេចជោគជ័យហើយ”។ នេះបើតាមសម្ដីរបស់លោក Marcos បានប្រាប់ទៅកាន់សារព័ត៌មាន។
សូមជម្រាបដែរថា ថ្នាក់ដឹកនាំខាងលើបានទម្លាយឲ្យដឹងថា ហ្វីលីពីននឹងអាចនាំចូលស្ករសប្រហែល ១៥០ ០០០ តោននៅឆ្នាំនេះ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាសម្រួលដល់តម្លៃផងដែរ ខណៈស្ករសដែលនាំចូលមកភាគច្រើនគឺ ពីប្រទេសថៃ៕