លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានសរសើរក្រុមហ៊ុនបុរីរស្មីបាត់ដំបង ដែលបាននាំបច្ចេកវិទ្យាការប្រើប្រាស់ប្លង់សេខ្សែកាប លើការសាងសង់សំណង់អគារសិក្សាថ្មីនៅក្រុងបាត់ដំបង។
កាលពីម្សិលមិញនេះ មានការក្រុងពាលីបញ្ចុះបឋមសិលាសាង់សង់អាគារសិក្សាថ្មីនៅអនុវិទ្យាល័យ សោ ហឺ ស្ថិតក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង។ អគារសិក្សាដែលត្រុវសាងសង់នេះមានកម្ពស់ ៤ ជាន់ មាន១៨ បន្ទប់ដោយទុកលំហខាងក្រោមជាចំណត និងថែមបន្ទប់ប្រជុំពីរផងដែរ អាចបម្រើដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនាពេលឆាប់ៗខាងមុខនេះ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ផងថា អគារសិក្សាថ្មីនេះត្រូវដំណើរការសាងសង់រយៈពេល ១២ ខែ មានចំនួន ១ ខ្នង ៤ជាន់ មាន ២០បន្ទប់ មានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត។
ការសាងសង់អគារសិក្សាថ្មីនេះ ប្រើប្រាស់បច្ចេកទេសសាងសង់គឺប្លង់សេខ្សែកាប ដែលអាចចាត់ទុកបានថាជាអគារសិក្សាដំបូងគេនៅកម្ពុជាដែលប្រើបច្ចេកទេសនេះ។
ក្រុមហ៊ុនបុរីរស្មីបាត់ដំបង គឺជាក្រុមហ៊ុនសំណង់ដ៏ធំមួយនៅខេត្តបាត់ដំបង ក្រៅពីទទួលការសាងសង់សំណង់តូចធំនៅខេត្តបាត់ដំបង ក្រុមហ៊ុនក៏មានអភិវឌ្ឍបុរីលក់ផងដែរ៕