សេដ្ឋី ដួង ឆាយ បើកសម្ពោធការដ្ឋានសាងសង់បុរីនិងផ្សារទំនើប នៅផ្លូវ២០០៤

ជុំវិញ​ឧកញ៉ា

នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្សិល​មិញ​នេះ ​​លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development បានប្រារព្វពិធីបើកសម្ពោធការិយាល័យបុរីដោនថោន និងពិធីបញ្ចុះបឋម​សិលាបើកការ​ដ្ឋាន​សាងសង់គម្រោងបុរីដោនថោន និងផ្សារទំនើបដោនថោន រួម​ទាំង​ភូមិគ្រឹះ​លោក​ជំទាវ ខុង លីស៊ីអា​ណា ដែលមានទីតាំងស្ថិតនៅ​បណ្ដោយ​ផ្លូវ​២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព​លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាល ឃួង ស្រេង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​​លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development

លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់​គម្រោងបុរីដោនថោននេះ​នឹងមានការសាងសង់ផ្ទះបុរី ផ្ទះអាជីវកម្ម ផ្សារទំនើប ភូមិគ្រឹះ វីឡាភ្លោះ វីឡាឃ្វីន នៅលើផ្ទៃដីសរុប​៣​ហិកតា ស្ថិតតាមបណ្ដោយមហាវិថី២០០៤ ដែលជាទីតាំងដ៏ល្អសម្រាប់អថិតិជន។ លោក​បន្តថា ក្នុងកិច្ចការ​សាងសង់បុរីដោនថោននេះ គឺមានការគិតគូររៀបចំយ៉ាងហ្មត់ចង់ស្របតាមស្ដង់ដាអន្តរជាតិ ដែលធានាបាន​នូវគុណភាព សោភ័ណភាព ភាពស៉ីវិល័យ មិនចាញ់បណ្ដាប្រទេសដទៃឡើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​លោកក៏ធានាលើការការពារសន្តិភាព សុវត្ថិភាព ផ្ដល់ជូននូវភាពសម្បូរបែបក្នុងការរស់នៅ និងទំនុកចិត្ត​ពី​អតិថិជន។ ការសាងសង់បុរីនេះដែរ គឺដកស្រង់បទពិសោធន៍ រចនាបទពិសេសៗ ដែលប្រកបដោយភាព​ទំនើប​ទៅតាមសម័យកាល ប៉ុន្តែការងារទាំងឡាយគឺរចនាដោយអ្នកជំនាញជនជាតិខ្មែរ ស្នាដៃកូនខ្មែរយ៉ាង​ចំណាន។

សូមជម្រាបជូនថា លោក ដួង ឆាយ ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែល​ធ្លាប់​បាន​ទទួល​គោរមងារ “ឧកញ៉ា” កាល​ពី​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៩ ប៉ុន្តែ​ក្រោយ​មាន​រឿង​អាស្រូវ​មួយ​ចំនួន​​ក្នុង​គ្រួសារ លោក​ក៏​ត្រូវ​បាន​​ប្រមុខរដ្ឋ​ស្តីទី​ ទូលថ្វាយ​សំណើទៅ​ព្រះមហាក្សត្រ​ សុំបញ្ចប់​គោរមងារ «ឧកញ៉ា» ពីលោក​វិញ​ កាល​ពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២១។ ទោះ​យ៉ាងណា ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ​ លោក ដួង ឆាយ តែងតែ​ទទួលបានការ​កោតសរសើរ​ពី​សាធារណជន​លើ​បណ្តាញ​សង្គម ដោយ​សារ​​លោក​តែងតែចេញមុខ​ជួយ​ដល់​សង្គម ជាពិសេស​ជនក្រីក្រ​មាន​ទុក្ខលំបាក និង​កុមារកំព្រាជាដើម៕