វិធី​​​គ្រប់​គ្រង​ខ្លួនឯងឱ្យ​បាន ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ជុំវិញ​ឧកញ៉ា

ក្រៅពីការគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងបញ្ហា មនុស្សគប្បីចេះ​គ្រប់គ្រង​ខ្លួនឯង​ផងដែរ។ មនុស្សខ្លះចូលចិត្តគ្រប់គ្រងចិត្តគេ ហាមឃាត់គេ ណែនាំគេ ប្រាប់ឱ្យគេចេះគ្រប់គ្រងចិត្ត គ្រប់គ្រងអារម្មណ៍ ប៉ុន្តែ មិនចូលចិត្តគ្រប់គ្រងចិត្ត ឬអារម្មណ៍ខ្លួនឯងឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ពេលខ្លះ ប្រាប់គេថា កុំឱ្យឆេវឆាវ តែខ្លួនឯងឆេវឆាវ។ ប្រាប់ឱ្យគេអត់ធ្មត់ ហ្មត់ចត់ និងតស៊ូចំពោះ​ការងារ តែខ្លួនឯង មិន​អត់​ធ្មត់ មិនតស៊ូចំពោះការងារ។ ពេលខ្លះ ប្រាប់កុំឱ្យគេប្រើអំពើហិង្សា កុំឱ្យគេ​គាប​សង្កត់ ឬដាក់គំនាបអ្នកដទៃ តែខ្លួនឯង ចូលចិត្តដាក់គំនាប និងប្រើហិង្សាលើអ្នកដទៃ។

ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងការងារ ការគ្រប់គ្រងអ្នក​ដទៃ ជារឿងងាយស្រួល ប៉ុន្តែការគ្រប់​គ្រង​ខ្លួនឯង គឺជារឿងដ៏ស្មុគស្មាញ និងលំបាកបំផុត។


តាមទ្រឹស្តី នៃការរំងាប់អារម្មណ៍ ដើម្បីកាត់បន្ថយអំពើហិង្សា​និយាយថា នៅពេលមានអារម្មណ៍​ក្រោធ​ មនុស្សតែងតែឆេវឆាវ ឆាប់ច្រឡោតខឹង។


ប្រសិនបើយើងមិនអាចគ្រប់គ្រង ឬរំងាប់អារម្មណ៍ក្រោធបានភ្លាមៗទេ អំពើហិង្សានឹងកើតឡើង។

នៅទីនេះក៏ដូចគ្នា បើគ្រប់គ្រងខ្លួនឯងកុំឱ្យឆេវឆាវ កុំឱ្យខ្ជះខ្ជាយថវិកា ពេលវេលា កុំឱ្យខ្ជីខ្ជា​ពេល​បំពេញការងារ មិនបានទេ នោះបញ្ហានឹងកើតឡើងដូចគ្នា។


ដូច្នេះ ការគ្រប់គ្រងចិត្តខ្លួនឯង គឺជារឿងពិបាកបំផុត ព្រោះសូម្បីពេលខ្លះ យើង​សន្យាចំពោះ​ខ្លួន​ឯងថា នឹ​ងឈប់ចាយ​លុយ​ផ្តេសផ្តាស នឹងឈប់ដើរលេងឥតប្រយោជន៍ ឬថា នឹង​ធ្វើកិច្ចការណាមួយ ឱ្យបានរួចរាល់មុនផែនការ តែធ្វើមិនបាន។

ប៉ុន្តែ ផ្ទុយមកវិញ ប្រសិនបើយើងធ្វើបាន នោះអ្វីៗពិតជាល្អខ្លាំងណាស់​នឹងធ្វើឱ្យយើងជោគជ័យ​ផង​ដែរ។ ចូរសាក​ល្បងគ្រប់គ្រងខ្លួនឯងឱ្យបាន ដើម្បីភាពជោគជ័យរបស់យើង។






ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី