លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានស្នើអភិបាលខេត្តស្វាយរៀង ជួយរកដីមួយកន្លែង ដើម្បីបង្កើតឱ្យមានតំបន់ឧស្សាហកម្ម សិប្បកម្មក្នុងស្រុក ដែលអាចកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង។
នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មធ្វើឡើងកាលពីម្សិលមិញនេះ លោកឧកញ៉ា តែ តាំងប៉ បានឲ្យដឹងថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សូមស្នើដល់រដ្ឋបាលខេត្ត រាជធានីទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀង សូមឱ្យបង្កើតតំបន់ឧស្សាហកម្មមួយ ឱ្យអ្នកផលិតបានចូលទៅក្នុងតំបន់ និងងាយស្រួលក្នុងការប្រមូលផ្ដុំ ដើម្បីឱ្យរាជរដ្ឋាភិបាលលើកទឹកចិត្ត ដល់អ្នកផលិត ក្នុងនោះក៏ដើម្បីកែច្នៃផលិតផលកសិកម្ម ឱ្យក្លាយទៅជាផលិតផល ចំណីអាហារដែលបានជំរុញឱ្យអ្នកផលិត ក្នុងស្រុកមានប្រាក់ចំណេញបន្ថែម។
លោកបញ្ជាក់យ៉ាងដូច្នេះថា បើយើងមិនធ្វើអញ្ចឹងទេ យើងគិតតែនាំចូលពីក្រៅ អត់មានអ្វីជួយដល់សហគ្រាសធុនតូច និងមធ្យមនោះទេ។ដូច្នេះសូមស្នើដល់អភិបាលខេត្តស្វាយរៀង ជួយរកដីមួយកន្លែង ដើម្បីបង្កើតឱ្យមានសិប្បកម្មក្នុងស្រុក ដែលវាអាចជួយសម្រួលដល់អ្នកផលិតបានច្រើន»។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ក៏បានអំពាវនាឱ្យមានការគាំទ្រ និងជំរុញសិប្បកម្មក្នុងស្រុកបន្ថែមទៀត ដើម្បីឱ្យសហគ្រាសក្នុងស្រុកមានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។
លោកឧកញ៉ា តែ តាំងប៉ បានបន្ថែមថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងមន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។
លោកបានបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀង មានសហគ្រាសធុនតូច និងមធ្យមជាច្រើនដែលកំពុងត្រូវការចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើន៕