រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោក ម៉ែន អេង ហៅ អេង រិទ្ធី ជាអភិបាលរងខេត្តស្វាយរៀង ដែលមានឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ទន្ទឹមនឹងនោះក៏មានមន្រ្តីរាជការចំនួន ៣រូបទៀត ត្រូវបានតែងតាំងអភិបាលរងខេត្តស្វាយរៀង រួមមាន៖ លោក ប៉េង ពោធិ៍សា មានឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ និងលោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣។
គួររម្លឹកថា លោក អេង រិទ្ធី អតីតសិល្បករ និងជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរៈភូមិន្ទក្រសួងការពារជាតិ។ បន្ថែមទៀតនោះ លោកក៏ជាថ្នាក់ដឹកនាំមួយរូបនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នផងដែរ។
មុនទទួលបានដំណែងអភិបាលរងខេត្តស្វាយរៀង លោក អេង រិទ្ធី ក៏មានត្រូវបានតម្លើងឋានន្តរសក្ដិស្មើអនុរដ្ឋលេខាធិការ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨៕