កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) ទទួលបានការតែងតាំងជា «ជំនួយការ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលការតែងតាំងនេះ ជាការតែងតាំងក្នុងក្របខណ្ឌមន្ត្រីគណបក្ស។ នេះបើតាមសេចក្តីសម្រេចលេខ ៣៣៦/០៨២២/សស.គក ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឧកញ៉ា លីម ប៊ុណ្ណា និងភរិយា លោកជំទាវ ថុង ធីតា បានបង្កើតបណ្តុំអាជីវកម្ម អិលប៊ីអិន គ្រុប កាលពីឆ្នាំ២០០២ ដែលរហូតមកដល់បច្ចុប្បន្នមានប្រភេទអាជីវកម្មជាច្រើនដូចជា អចលទ្រព្យ និងសំណង់, វិស័យកសិកម្ម និងឧស្សាហកម្ម, ការដឹកជញ្ជូន និងនាំចេញនាំចូល, ស្ថានីយប្រេងឥន្ធនៈ និងមីនីម៉ាត, ភោជនីយដ្ឋាន និងហាងកាហ្វេ, សណ្ឋាគារ និងស្កាយបារ, ក្លឹបបាល់ទាត់, ម៉ាស្សា ស្បារ និងខេធីវី, រមណីយដ្ឋាន និងតំបន់អេកូទេសចរណ៍ និងសហគ្រាសកែច្នៃផ្លែឈើ។
បច្ចុប្បន្ន អិលប៊ីអិន គ្រុប មានក្រុមហ៊ុន និងអាជីវកម្មធំៗជាបុត្រសម្ព័ន្ធចំនួន ១៧ មានដូចជា៖ តាំក្រះធើយកម្ពុជា, ចម្ការតាខ្នា, រមណីយដ្ឋានអិលប៊ិអិន កែងគោល-ស្ទោង, លីម ប៊ុណ្ណា ផែស្ងួត, ប៊ីអេចអិល អង្គរ អ៊ីមផត-អិចផត, ការដ្ឋានកិនថ្ម លីម ប៊ុណ្ណា, អិលប៊ិអិន អង្ករកម្ពុជា, អិលប៊ីអិន អ៊ីនធើធេនមេន, អិលប៊ីអិន ក្លឹបបាល់ទាត់, ស្ថានីយប្រេងឥន្ធនៈ លីម ប៊ុណ្ណា (ប្រធាតុ), ប៊ីអេចអិល បេតុងលាយស្រេច, បុរី លីម ប៊ុណ្ណា, ចំណតរថយន្តច្រកទ្វារអន្តរជាតិត្រពាំងផ្លុង, គម្រោងអភិវឌ្ឍដីឡូត៍លំនៅឋាន, សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ, អេស៊ានស្ប៉ា និងខេធីវី និងសណ្ឋាគារ អិលប៊ីអិន អេស៊ាន និង ឌឹរីវើ ស្កាយបារ។
សូមជម្រាបជូនថា លោក លឹម ប៊ុណ្ណា ហៅ ខ្នា ដែលគេស្គាល់ថា ជាអ្នកជំនួញមួយរូបដ៏ឆ្នើមនៅកម្ពុជា ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១១១/០៤៨ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១៕