ក្រុមហ៊ុនចំនួន៤ ទទួលបានសិទ្ធវិនិយោគរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា ក្នុងរហូត១៧លានដុល្លារអាមេរិក។
បើតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង, រោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ,រោងចក្រផលិតសាឡុង និងរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១.ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD៖ វិនិយោគជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៨កន្លែង។
២- ក្រុមហ៊ុន“Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
៣-ក្រុមហ៊ុន “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០នាក់។
៤-ក្រុម “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៣០នាក់។
គួរបញ្ជាក់ដែរថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមរយៈការវិនិយោគបង្កើតរោងចក្រថ្មីនេះខាងលើនេះ នឹងអាចជួយបង្កើតការងារសរុបរហូតដល់២ ៨០៨កន្លែង ដល់ពលរដ្ឋកម្ពុជាផងដែរ៕