ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេយាងទៅកាន់ក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃអាទិត្យទី២១ ខែសីហាស្អែកនេះ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ នេះបើតាមព្រះរាជសារព្រះមហាក្សត្រ ទ្រង់ផ្ញើសារជូនរួមជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ក្នុងព្រះរាជសារ ព្រះអង្គនឹងព្រះអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ។ ក្នុងកំលុងនៃព្រះអវត្តមាននេះ ព្រះអង្គទ្រង់បញ្ជាក់ថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
សូមជម្រាបជូនថា នៅឆ្នាំ២០២២នេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីថ្ងៃទី៤ ខែមីនា។ ក្នុងព្រះរាជដំណើរយាងទៅពិនិត្យព្រះរាជសុខភាពកាលលើកទីមួយនោះ ព្រះអង្គទាំងទ្វេ បានគង់ប្រថាប់នៅក្រុងប៉េកាំងរយៈពេលជាងមួយខែ។
សម្រាប់ការយាងពិនិត្យព្រះរាជសុខភាពលើកទី២ នេះ នៅក្នុងព្រះរាជសារព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ មិនមានការបញ្ជាក់កាលបរិច្ឆេទនៃការយាងនិវត្តន៍មាតុប្រទេសនៅពេលណាឡើយ៕