ក្រៅពីការចូលរួមចែករំលែកបទពិសោធជីវិត និងវិថីជំនួញ ក្នុងមាគ៌ាអចលនទ្រព្យប្រមាណជាង ១ម៉ោង ឧកញ៉ា សំ សុខនឿន បានបង្ហើបប្រាប់សិក្ខាកាមជាង ៥០០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២១ សីហានេះ ពីអាជីវកម្មក្នុងវិស័យអចលនទ្រព្យ ដើម្បីបញ្រ្ជាបចំណេះដឹងកាន់តែច្បាស់ក្នុងអាជីព ទុកជាទុនគំនិតបន្ថែម។
ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ថ្លែងថា នៅម្ពុជាមានប្រភេទអាជីវកម្មចំនួន ៥ ទាក់ទងអចលនទ្រព្យ រួមមាន៖ ១. អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ២. អ្នកវិនិយោគអចលនទ្រព្យ ៣. ភ្នាក់ងារអចលនទ្រព្យ ៤. អ្នកវាយតម្លៃអចលនទ្រព្យ ៥. អ្នកគ្រប់គ្រងអចលនទ្រព្យ។
លោកឧកញ៉ា បានបញ្ជាក់ថាក្នុងចំណោមប្រភេទអាជីវកម្មទាំង ៥ យើងវិនិយោគមួយណាក៏មានឱកាសចំណេញដូចៗគ្នា ។ យ៉ាងណាលោកថា អ្នកដែលអាចរកស៊ីបានលុយច្រើនជាងគេ គឺអ្នកអភិវឌ្ឍអចលនទ្រព្យ អ្នកវិនិយោគអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ ប៉ុន្តែ អ្នកអភិវឌ្ឍ និងអ្នកវិនិយោគអចលនទ្រព្យត្រូវការដើមទុនច្រើន និងត្រូវការពេលវេលា។
គួររម្លឹកថា វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ ត្រូវបានរំពឹងថា នឹងមានកំណើនក្នុងរង្វង់២,៥ភាគរយ ខណៈដែលឆ្នាំ២០២៣ខាងមុខ កម្ពុជារំពឹងថា វិស័យនេះនឹងមានកំនើន៥,២ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ជាង ៥៧ ០០០ ការដ្ឋានសំណង់នៅទូទាំងប្រទេស។ តាមការប៉ាន់ស្មានវិនិយោគសរុបក្នុងវិស័យសំណង់នារយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ មានប្រមាណជាង ៦៦ ពាន់លានដុល្លារអាមេរិក ហើយវិស័យនេះបានផ្តល់ការងារជាមធ្យម ១៥ ម៉ឺននាក់ក្នុង ១ ថ្ងៃ។
សូមបញ្ជាក់ថា នៅដើមឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ដោយក្នុងនោះអគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅមានចំនួន ២២៥ អគារ។ ដោយឡែកក្នុងខេត្តព្រះសីហនុ គិតមកទល់ពេលនេះ អគារដែលសាងសង់រួច និងកំពុងដំណើរការមានចំនួន ២៧៨ អគារ និងអគារដែលបានបញ្ចប់ការសាងសង់ តែមិនដំណើរការមានចំនួន ២៥១ អគអគា៕