យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank)ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជាគ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិទាំងនេះ។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា ដែលមានចំណងជើងថា សេដ្ឋកិច្ចកម្ពុជាកំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ ដែលចេញផ្សាយកាលពីចុងខែមិថុនា ឆ្នាំ២០២២ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ។
របាយការណ៍ដដែលនេះ បង្ហាញបន្តថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារអាមេរិក គឺកើន ២៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិកក៏កំពុងតែស្ទុះឡើងវិញដែរ។
យ៉ាងណា World Bank ក៏បានបន្តថា «ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ»។
ជុំវិញវិបត្តិប្រេងឡើងថ្លៃ និងស្បៀងអាហារនៅលើទីផ្សារពិភពលោកនេះដែរ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ក្នុងការជួយគ្រួសារក្រីក្រក្នុងការឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត។”
សូមរម្លឹកដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៧៦០លានដុល្លារ លើកម្មវិធីឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩។
ក្រសួងសង្គមកិច្ច បានឲ្យដឹងបន្តថា ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២0 ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើគិតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអនុវត្តបានចំនួន ៩ជុំ មាន ២៥លើក មានអ្នកទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ (ជិត៣លាននាក់) ដោយចំណាយអស់ថវិការដ្ឋសរុបជាង ២ ៩៧៨ប៊ីលានរៀល ស្មើនឹងប្រមាណ ៧៤៤លានដុល្លារផងដែរ។
យ៉ាងណា ជុំវិញវិបត្តិប្រេងឡើងថ្លៃ និងស្បៀងអាហារនៅលើទីផ្សារពិភពលោកនេះដែរ World Bank ក៏បានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញ ក្នុងនោះ រួមមាន៖ ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារជាដើម៕