រុស្ស៊ី នៅតែបន្តកាន់កាប់តំណែងជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុត សម្រាប់ចិន ក្នុងរយ:ពេល ៣ ខែជាប់ៗគ្នា គិតត្រឹមខែកក្កដាកន្លងទៅនេះ នៅពេលដែលក្រុមហ៊ុនឯករាជ្យរបស់ចិនជាច្រើន បានបង្កើនការទិញយកប្រេងបញ្ចុះតម្លៃ ពីរុស្ស៊ី និងងាកចេញពីប្រទេសផ្គត់ផ្គងធំៗពីមុន ដូចជា អង់ហ្គោឡា និងប្រស៊ីល ។
យោងតាមទិន្និន័យពីរដ្ឋបាលគយរបស់ប្រទេសចិន បានបង្ហាញថា ការនាំចូលប្រេងរបស់រុស្ស៊ី តាមរយ:ការផ្គត់ផ្គងពីបំពង់ស៊ីបេរី ប៉ាស៊ីហ្វិកខាងកើត និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុប ៧,១៥ លានតោន ដែលកើនឡើង ៧,៦% ធៀបនឹងឆ្នាំមុន ។
ទោះបីជាចិន ជាប្រទេសទិញប្រេងធំបំផុតរបស់រុស្ស៊ី ក៏ដោយ ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី នៅក្នុងខែកក្កដាកន្លងទៅនេះ មានចំនួនប្រហែល ១,៦៨ លានបារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែទាបជាការផ្គត់ផ្គង់កំណត់ត្រាកាលពីខែឧសភា ដែលមានចំនួនជិត ២ លានបារ៉ែល ក្នុងមួយថ្ងៃ ។
ប្រភពខាងលើបានបង្ហាញទៀតថា ការនាំចូលប្រេងពីរុស្ស៊ី ចាប់តាំងពីដើមឆ្នាំមក មានចំនួន ៤៨,៤៥ លានតោន កើនឡើង ៤,៤% ប៉ុន្តែនៅតែតាមពីក្រោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានផ្គត់ផ្គង់ប្រេង ៤៩,៨៤ លានតោន មកកាន់ប្រទេសចិន ។
ចិនក៏បានបង្កើនការនាំចូលប្រេងពីប្រទេសផ្គត់ផ្គង់ធំលំដាប់ទី ២ របស់ខ្លួន គឺអារ៉ាប៊ីសាអូឌីតផងដែរ ដោយបាននាំចូល ៦,៦៥ លានតោន ឬស្មើនឹង ១,៥៤ លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកក្កដា ។
គួរឱ្យដឹងផងដែរថា ការសម្រុកទិញប្រេងពីរុស្ស៊ី បានធ្វើឱ្យចិន កាត់បន្ថយការផ្គត់ផ្គង់ពីប្រទេសអង់ហ្គោឡា ដែលធ្លាក់ចុះប្រមាណ ២៧% និងប្រទេសប្រេស៊ីល ធ្លាក់ចុះ ៥៨% ក្នុងខែកក្កដា បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ស្របពេលមន្ត្រីគយចិន បានរាយការណ៍ថាគ្មានការនាំចូលប្រេង ពីប្រទេសវ៉េណេស៊ុយអេឡា ឬអ៊ីរ៉ង់ទាល់តែសោះ កាលពីខែមុន៕