ប្រសិនបើគ្មានអ្វីប្រែប្រួល មិនយូរនោះទេ អាចថា ១ឆ្នាំកន្លះ ស្ពានបេតុងថ្មីកោះយ៉ នឹងលេចរូបរាងឡើងបម្រើដល់ប្រជាពលរដ្ឋ និងស្វាគមន៍ភ្ញៀវទេសចរឆ្លងកាត់ដោយសុវត្ថិភាព មិនប្រឈមនឹងគ្រោះថ្នាក់ដូចសព្វថ្ងៃ ខណៈស្ពានចាស់មានសភាពចាស់ខ្លាំង។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ២២ សីហា ថា ការដ្ឋានស្ពានបេតុងថ្មីកោះយ៉ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង តម្លៃ ១លាន ជិត ៤សែនដុល្លារ បានចាប់ផ្តើមសាងសង់ហើយ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឯកភាពអនុញ្ញាតឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ទទួលបន្ទុកសាងសង់។
គម្រោងស្ថាបនាស្ពានបេតុងថ្មីកោះយ៉នេះ មានតម្លៃ ១លាន ជិត ៤សែនដុល្លារ មានប្រវែង ១២៦ ម៉ែត្រ និងទទឹង ១១ម៉ែត្រ ធ្វើងឡើងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Y.L.P Group ជាអ្នកសម្របសម្រួលចំណាយថវិកា។
បើតាមប្រមុខរដ្ឋាភិបាល ស្ពានថ្មីនេះ នឹងប្រែមុខមាត់តំបន់នោះក៏ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ តភ្ជាប់ពីកោះយ៉ ទៅបាក់ខ្លងផងដែរ៕