សម្តេចតេជោ ហ៊ុន សែន អះអាងពីកម្ពុជាទទួលផលចំណេញ ពីការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

ការបង្កើតដេប៉ាតឺមង់ភាសាវៀតណាមនៅកម្ពុជា នៅតែជាប្រធានបទក្តៅពីមន្រ្តីនយោបាយ មន្រ្តីរាជការ និងប្រជាពលរដ្ឋ បើទោះបីជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ជួនណារ៉ុន ចេញមកបកស្រាយយ៉ាងណាក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឱ្យមានការភាន់ច្រលំលើការបង្កើតដេប៉ាតឺម៉ង់ ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះនៅសាកលវិទ្យាល័យនេះ មានដេប៉ាតឺម៉ង់ ភាសាបរទេសច្រើនណាស់ មានទាំង អង់គ្លេស បារាំង ជប៉ុន ចិន កូរ៉េ….[…] ដែលសកម្មភាពទាំងនេះ មានប្រយោជន៍ ចំពោះនិស្សិតកម្ពុជា និងការផ្លាស់ប្តូរកម្មវិធីសិក្សា ព្រមទាំងធុរកិច្ច។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ បានគូសបញ្ជាក់ថា ការបើកដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមិនមែនយកជនជាតិវៀតណាមមកបង្រៀនភាសាវៀតណាមនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែផលចំណេញ គឺទៅលើនិស្សិតរបស់កម្ពុជា ព្រោះនៅពេលបានបណ្តុះបណ្តាលរួចហើយ បញ្ជូនទៅសិក្សាទៅប្រទេសវៀតណាម មានភាពងាយស្រួល។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ “ការចង់រកស៊ីជាមួយវៀតណាមវិញ ក៏មានភាពងាយស្រួលផងដែរ បើសិនចេះភាសាវៀតណាមនោះ”។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បាន ឯកភាព នឹង សំណើរបស់វៀតណាម ក្នុងការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម ដែលដាក់ក្រោមវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម គឺមានសារៈសំខាន់សម្រាប់និស្សិតកម្ពុជា ចេះស្វែងយល់ពីបញ្ហាផ្សេងៗប្រទេសជិតខាង រួមទាំងប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។

បើតាមលោក ហង់ជួន ណារ៉ុន ដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ គឺបង្កើតឡើងសម្រាប់អ្នកដែលចង់ស្វែងយល់ និងធ្វើការក្នុងក្រុមហ៊ុនវៀតណាម មិនមែនជាការបង្ខំឲ្យនិស្សិតទាំងអស់រៀននោះទេ៕