ប៉ុន្មានខែចុងក្រោយនេះ វិបត្តិហិរញ្ញវត្ថុបានជះឥទ្ធិពលជាខ្លាំងដល់វិស័យជាច្រើនទូទាំងពិភពលោក ហើយក្នុងនោះវិស័យអចលនទ្រព្យនៃប្រទេសចិនហាក់រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
យោងតាមស្ថិតិផ្ដល់ឲ្យដោយ ធនាគារ Goldman Sachs បានបង្ហាញថា ទិន្នន័យលក់អចលនទ្រព្យបានធ្លាក់ចុះរហូតដល់ ២៩% បើធៀបនឹងឆ្នាំទៅ ខណៈការសាងសង់ផ្ទះថ្មីបានធ្លាក់ដល់ ៤៥% ស្របពេលកំណើន GDP ប្រចាំឆ្នាំវិញដើរកាន់តែយឺតជាងរាល់ដង។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិនបានចេញមុខស្នើសុំស្ថាប័នហិរញ្ញវត្ថុធំៗជួយដោះស្រាយបញ្ហាមួយនេះ ដូចជាកាត់បន្ថយការប្រាក់សម្រាប់វិនិយោគិននៅលើវិស័យអចលនទ្រព្យ ដែលកំពុងជួបប្រទះបញ្ហាមួយនេះជាដើម។ នេះបើតាមការចុះផ្សាយពី Fortune។
ដោយឡែក Bloomberg វិញក៏បានរាយការណ៍ដែរថា រដ្ឋាភិបាលបានចូលរួមជាមួយធនាគារកណ្ដាលចិនក្នុងការត្រៀមប្រាក់កម្ចីពិសេសប្រមាណ ៣០ ពាន់លានដុល្លារ ជូនក្រុមវិនិយោគិនដែលកំពុងជួបប្រទះបញ្ហា។
ទឹកប្រាក់ទាំងនោះ គឺនឹងផ្ដល់ជូនចំពោះតែម្ចាស់គម្រោងណាដែលកំពុងផ្អាកការសាងសង់ ប៉ុន្តែត្រូវបានលក់ចេញអស់តែប៉ុណ្ណោះ ដែលនេះមានន័យថា រដ្ឋាភិបាលកំពុងព្យាយាមពន្លឿនការសាងសង់រាល់គម្រោងដែលបានលក់ចេញ តែមិនទាន់បញ្ចប់ការសាងសង់សម្រាប់អតិថិជន៕