អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បានផ្តល់តម្លៃខ្ពស់ចំពោះចំណាត់ការមានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងលើកទឹកចិត្តឱ្យបន្តជំរុញការវិនិយោគលើវិស័យអប់រំថែមទៀត ស្របពេលដែលរដ្ឋាភិបាលខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។
លោកស្រី ម៉ានូអេឡា វ. ហ្វឺរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បានឲ្យដឹងថា កម្ពុជានៅមិនទាន់រួចផុតពីផលប៉ះពាល់អវិជ្ជមានរបស់ជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច នៅឡើយទេ ដែលពេលនេះកំពុងជួបនឹងរឿងមិនសូវល្អមួយទៀតដោយសារប្រេងឥន្ធនៈ និងស្បៀងអាហារឡើងថ្លៃ។
យ៉ាងណាក្តី លោកស្រីថា អត្រាចាក់វ៉ាក់សាំងខ្ពស់ និង ការបើកប្រទេសឡើងវិញ ជាកត្តាធ្វើឱ្យកម្ពុជាមានភាពប្រសើរមួយក្នុងការស្តារសេដ្ឋកិច្ចឱ្យបានរឹងមាំសាជាថ្មី។
លោកស្រីក៏បានធ្វើការកត់សម្គាល់ដែរថា កិច្ចខិតខំស្តារសេដ្ឋកិច្ចនេះក៏ជាឱកាសថ្មីមួយដែរសម្រាប់គិតគូរអំពីគន្លងផ្លូវថ្មីដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ច គឺតាមរយៈការធ្វើកំណែទម្រង់ដែលនឹងជំរុញថែមទៀតនូវផលិតភាពរបស់ក្រុមហ៊ុន និង របស់កម្មករ ហើយនឹងជួយធ្វើឱ្យការវិនិយោគនិងការនាំចេញកាន់តែរីក និង កាន់តែសម្បូរបែប។
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងស្ទុះងើបឡើងក្នុងអត្រា៥.៦% និងវិលទៅរកកំណើនសេដ្ឋកិច្ចប្រមាណ៧% ក្នុងឆ្នាំ២០២៤ខាងមុខ។ ការព្យាករកំណើននេះ ដោយផ្អែកថា កម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ អត្រាចាក់វ៉ាក់សាំងក៏កាន់តែខ្ពស់ និងទំហំនាំចេញរបស់កម្ពុជាមានការកើនឡើងជាលំដាប់ បើទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ។
បើតាម របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នេះ គឺមានការចូលរួមចំណែកពីវិស័យជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។
ប៉ុន្តែយ៉ាងណា ក្រសួងសេដ្ឋកិច្ចថា សេដ្ឋកិច្ចកម្ពុជានឹងអាចប្រឈមនូវហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន ប្រសិនបើការអូសបន្លាយវិបត្តិជំងឺកូវីដ១៩នៅបន្ត ការរអាក់រអួលនៃច្រវាក់ផ្គត់ផ្គង់សកលនិងសម្ពាធអតិផរណា ភាពតានតឹងភូមិសាស្ត្រនយោបាយ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសអភិវឌ្ឍន៍ និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ៕