កាលពីពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei បានផ្ដាំផ្ញើបុគ្គលិករបស់ខ្លួន ឲ្យប្រយ័ត្នជាមួយនឹងលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន ដ្បិតសេដ្ឋកិច្ចពិភពលោកកំពុងវិលថយក្រោយ ក្នុងរយៈពេលយ៉ាងយូរ។ នេះបើតាមការចុះផ្សាយពី CNA។
សូមរំលឹកដែរថា បើសង្កេតមើលឲ្យមែនទែនទៅ ក្រុមហ៊ុនធំៗជាច្រើនគឺ កំពុងមានការព្រួយបារម្ភជាមួយនឹងហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ចជាខ្លាំង ដ្បិតមិនមែនមានតែ Huawei ទេដែលចេញមុខព្រមានបុគ្គលិក ពោលសូម្បីតែ Ford, Tesla ជាដើម សុទ្ធតែប្រកាសកាត់បន្ថយបុគ្គលិកមួយចំនួនធំ ដើម្បីកាត់បន្ថយការចំណាយនៃក្រុមហ៊ុន។
ដោយឡែក ក្រឡេកមកមើលពីស្ថិតិឆមាសទី ១ របស់ Huawei វិញ មានការខាតបង់ជាង ៥០% ពោលប្រាក់ចំណេញប្រចាំឆមាសធ្លាក់ចុះមកសល់ត្រឹម ១៥ ពាន់លានដុល្លារ បើយោងតាមការគណនាពី Reuters។
សារព័ត៌មានខ្នាតយក្សមួយនេះបានអះអាងទៀតថា មូលហេតុដែលបណ្ដាលឲ្យក្រុមហ៊ុនឈានមុខគេនៅចិនទទួលការខាតបង់នៅឆមាសទី ១ ដល់ទៅ ៥២% គឺដោយសារ សេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះ ភាពរាំងស្ទះដោយសារកូវីដ ១៩ សង្វាក់ផ្គត់ផ្គង់មានភាពរអាក់រអួល បណ្ដាលឲ្យក្រុមហ៊ុនពិបាកក្នុងការលក់នូវទូរស័ព្ទ និងកុំព្យូទ័រយួរដៃរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ៕