សិង្ហបុរី កំពុងបង្កើនការទិញយកអគ្គិសនី ពីឡាវ និងអូស្រ្តាលី ដើម្បីបំពេញមហិច្ឆតាធំរបសខ្លួន

អន្តរជាតិ

សិង្ហបុរី កំពុងបង្កើនការទិញយកអគ្គិសនី ដែលផលិតនៅក្នុងប្រទេសឡាវមកបន្ថែមទៀត នៅពេលដែលប្រទេសមួយនេះ ព្យាយាមសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុលចេញទៅកាន់បរិយាកាស ជាមួយនឹងការនាំយកថាមពលកកើតឡើងវិញ មកជំនួស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Keppel Electric ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Keppel ដែលគាំទ្រដោយរដ្ឋាភិបាល កាលពីខែមិថុនាកន្លងទៅ បានចាប់ផ្តើមនាំចូលប្រភពថាមពល ពីក្រុមហ៊ុនវារីអគ្គិសនី Electricite du Laos (EDL) របស់ប្រទេសឡាវ ខណ:សិង្ហបុរី នឹងនាំចូលអគ្គិសនីរហូតដល់ ១០០ មេហ្គាវ៉ាត់ ក្នុងអំឡុងពេលសាកល្បងរយ:ពេល ២ ឆ្នាំ ។

គួរឱ្យដឹងថា សិង្ហបុរី មានគោលដៅ សម្រេចឱ្យបាននូវអព្យាក្រិតកាបូន ត្រឹមឆ្នាំ ២០៥០ ប៉ុន្តែដោយសារតែប្រទេសរបស់ខ្លួន មានទំហំតូច បានធ្វើឱ្យវាមិនសមស្រប ក្នុងការផលិតថាមពលពីកម្លាំងខ្យល់ ក៏ដូចជាកម្តៅនៅក្នុងដី និងវារីអគ្គិសនីផ្ទាល់ខ្លួនបាន ដូច្នេះហើយទើបធ្វើឱ្យប្រទេសនៅអាស៊ានមួយនេះ សម្រេចទិញចូលថាមអគ្គិសនី ពីប្រទេសផ្សេង ។

ផែនការនាំចូលថាមពលរបស់សិង្ហបុរី មិនត្រឹមតែប្រទេសឡាវប៉ុណ្ណោះទេ តែអាចនឹងត្រូវពង្រីករហូតដល់ប្រទេសអូស្រ្តាលីផងដែរ នៅពេលដែលក្រុមហ៊ុន Sun Cable របស់អូស្តា្រលី មានគោលដៅសាងសង់កសិដ្ឋានថាមពលពន្លឺព្រះទិត្យទំហំ ១២ ០០០ ហិកតា នៅភាគខាងជើងប្រទេស ជាមួយនឹងផែនការនាំចេញអគ្គិសនី ទៅកាន់សិង្ហបុរី តាមរយ:ខ្សែកាបក្រោមបាតសមុទ្រប្រវែង ៤ ២០០ គីឡូម៉ែត្រ ។

បញ្ជាក់ផងដែរថា ការវិនិយោគសរុបសម្រាប់គម្រោងរបស់ក្រុមហ៊ុន Sun Cable នេះ ត្រូវបានប៉ាន់ប្រមាណថាមានច្រើនជាង ៣០ ពាន់លានដុល្លារអូស្រ្តាលី (២១ ពាន់លានដុល្លារ) ហើយវាគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៤ និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៩ ៕