រយ:ពេលជាច្រើនទសវត្សរ៍មកនេះ ប្រជាជនចិន យល់ឃើញថាមានតែវិស័យអចលន:ទ្រព្យប៉ុណ្ណោះ ដែលអាចជួយឱ្យពួកគេបង្កើតទ្រព្យសម្បត្តិបានច្រើន ដូច្នេះហើយវិស័យអចលនទ្រព្យមានប្រហែល ៧០% នៃទ្រព្យសម្បតិ្តគ្រួសាររបស់ប្រទេសចិន និង ៣០% នៃសេដ្ឋកិច្ចរបស់ប្រទេសនេះទាំងមូល ។
ប៉ុន្តែការផ្ទុះឡើងនៃបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យខា្នតយក្ស China Evergrande Group ជាមួយនឹងការធ្លាក់ចុះនៃតម្លៃផ្ទះ ក៏ដូចជាការធ្វើកូដកម្មមិនព្រមបង់ថ្លៃផ្ទះ ដែលសាងសង់មិនទាន់រួចនោះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្លាក់ទៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុតមួយ ហើយវាថែមទាំងបានធ្វើឱ្យប្រជាជនចិន ចាប់ផ្តើមគិតឡើងវិញ ចំពោះការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ ។
ដោយឡែក យោងតាមអ្នកជំនាញបានបង្ហាញថា ការដួលរលំ ដែលអាចកើតមានលើក្រុមហ៊ុន Evergrande នេះ អាចនឹងផ្តល់ជាការព្រមានដ៏ធំមួយ សម្រាប់ប្រទេសវៀតណាមផងដែរ នៅពេលដែលប្រជាជនរបស់ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ ក៏មានការគិតដូចគ្នាទៅនឹងប្រជាជនចិនផងដែរ ចំពោះការស្រឡាញ់ទៅលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ រាប់ចាប់តាំងពីលក្ខខណ្ឌក្នុងការទិញ រហូតដល់ការគ្រប់គ្រងសាជីវកម្មរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលវៀតណាមបានអនុវត្តស្រដៀងគ្នា ទៅនឹងចិនដែរ ។
ជាងនេះទៅទៀត វៀតណាម កំពុងទទួលរងនូវរឿងអាស្រូវអំពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសរួចទៅហើយ ដោយកាលពីខែមីនា រដ្ឋាភិបាល បានធ្វើការឃុំខ្លួនលោក Trinh Van Quyet ដែលជាប្រធានក្រុមហ៊ុន FLC Group ពីបទក្លែងបន្លំទីផ្សាភាគហ៊ុន ។ ហើយនៅខែបន្ទាប់ លោក Do Anh Doung ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍មួយផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទបោកបញ្ឆោតវិនិយោគិន ជាមួយនឹងព័ត៌មានហិរញ្ញវត្ថុមិនពិត ។
គួរឱ្យដឹងថា ទាំងនេះសុទ្ធសឹងតែជាយុទ្ធសាស្ត្រ ដែលធ្លាប់បានប្រើ ដោយអ្នកអភិវឌ្ឍន៍របស់ប្រទេសចិន ស្របពេលក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនលក់ដាច់បំផុតនៅចិន តែងតែព្យាយាមស្វែងរកមធ្យោបាយដើម្បីខ្ចី ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមទៀត។ ហើយកាលពីឆ្នាំទៅ ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង ២៨ ក្នុងចំណោមអ្នកអភិវឌ្ឍន៍កំពូលទាំង ១០០ ត្រូវបានគេរកឃើញថា បានធ្វើការខុសច្បាប់ ឬស្នើសុំឱ្យម្ចាស់បំណុលរបស់ពួកគេពន្យារពេល ។
ងាកមកកាន់ប្រទេសវៀតណាមវិញ ក្រុមហ៊ុន Alibaba Real Estate Corp ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហូជីមិញ ក៏ធ្លាប់មានរឿងអាស្រូវផងដែរ ដោយក្រុមហ៊ុន បានលក់ដីទំនេរតូចៗ និងប្រាប់អ្នកទិញរាប់ពាន់នាក់ថា ពួកគេកំពុងទទួលបានដីសម្រាប់ការអភិវឌ្ឍន៍ដ៏មួយ នៅជិតមជ្ឍមណ្ឌលពាណិជ្ជកម្ម ប៉ុន្តែនេះបានក្លាយជាការបោកប្រាស់ដល់អ្នកវិនិយោគអស់ជាង ១០០ លានដុល្លារ ។
ហើយបើទោះបីជាមានរឿងអាស្រូវ របស់ក្រុមហ៊ុន Alibaba នៅឆ្នាំ ២០១៩ ក៏ដោយ ក៏ប្រជាជនវៀតណាម មិនបានគិតអំពីហានិភ័យនោះឡើយ ដោយនៅតែចាត់ទុកថាការទិញដី ជាប្រភេទនៃការវិនិយោគលើអចលនទ្រព្យ ដែលបង្ហាញពីការទទួលបានដើមទុនដ៏ធំបំផុត ។
លើសពីនេះ បើយោងតាមទិន្នន័យដែលផ្តល់ដោយ CBRE ដែលជាក្រុមហ៊ុនទិញអចលនទ្រព្យ បានបង្ហាញថា គិតត្រឹមត្រីមាសទី ២ អចលនទ្រព្យដីធ្លី នៅទីក្រុងហូជីមិញមានតម្លៃរហូតដល់ ៦ ៩១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបានកើនឡើង ៤៨% ធៀបនឹងឆ្នាំមុន ។
រដ្ឋាភិបាលវៀតណាម ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះបញ្ហាទាំងនេះ ដោយរដ្ឋាភិបាលស្នើឱ្យធនាគារកណ្តាលរឹតបន្តឹងលើកម្ចីឥណទាន។ ហើយគិតត្រឹមខែមិថុនា ប្រាក់កម្ចីផ្តល់ជូនដល់ទីផ្សារអចលនទ្រព្យ មានប្រហែល ២០% នៃកម្ចីសរុប ដែលវាបានកើនឡើង ១៤% ធៀបនឹងឆ្នាំមុន ខណ:សព្វថ្ងៃនេះ មានអ្នកទិញត្រឹមតែ ២០%-៣០% ប៉ុណ្ណោះ ដែលអាចទទួលបានប្រាក់កម្ចីសម្រាប់ទិញផ្ទះ៕