តារាចម្រៀងប្រុសរូបសង្ហាលោក អាឡិច ចាន់ត្រា នាឱកាសនៃទិវាក្តីស្រលាញ់ថ្ងៃទី១៤ កុម្ភៈ លោកបានចំណាយពេលផ្ទាល់ខ្លួន នាំយកអំណោយ និងសម្ភារៈសិក្សាយកទៅចែកជូនដល់ក្មេងៗជាច្រើននាក់ ដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាអាហ្វេស៊ីបដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ដល់ពួកគេ។
ការចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រាពីសំណាក់តារាចម្រៀងលោក អាឡិច ចាន់ត្រា និងមិត្តភ័ក្ដិក្រុមការងារនេះ បានធ្វើឡើងចំឱកាសនៃទិវាក្តីស្រឡាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ខណៈដែលមានតារាប្រុសស្រីឯទៀត បានយកថ្ងៃពិសេសនេះ ជួបជុំក្រុមគ្រួសារឬមិត្តភ័ក្ដិដើម្បីបង្ហាញពីភាពស្និទ្ធស្នាលឬជូនកាដូឲ្យគ្នា ផ្ទុយពីលោក អាឡិច ចាន់ត្រា ដែលយកឱកាសនេះចែករំលែកក្តីស្រលាញ់ដល់កុមារកំព្រា។
លោក អាឡិច ចាន់ត្រា បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកនៃសកម្មភាពចុះចែកអំណោយនោះថា រីករាយទិវាថ្ងៃនៃសេចក្ដីស្រឡាញ់ ខ្ញុំរួមទាំងមិត្តសិល្បករ និងមិត្តភ័ក្ដិទាំងអស់ បាននាំយកអាហារ និង គ្រឿងបរិភោគ មួយចំនួនយកទៅផ្តល់ជូនដល់កូនៗនៅមណ្ឌលអាហ្វេស៊ីប ដើម្បីផ្ដល់ភាពកក់ក្ដៅនិងក្តីស្រលាញ់ជូនពួកគាត់ទាំងអស់គ្នា។
តារាចម្រៀងប្រុសលោក អាឡិច ចាន់ត្រា បានបន្ថែមទៀតថា សូមថ្លែងអំណរគុណដល់មិត្តសិល្បករ និង មិត្តភ័ក្ដិទាំងអស់គ្នា ដែលបានផ្ដល់អាហារ គ្រឿងបរិភោគ និងសម្ភារៈផ្សេងៗជាច្រើនដល់មណ្ឌល និងកូនៗដែលជាជនរងគ្រោះ។ ក្រៅពីនេះ លោក អាឡិច ចាន់ត្រា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានឱកាសចុះទៅសួរសុខទុក្ខនិងចូលរួមអាហារសាមគ្គីជួបជុំជាមួយប្អូនៗ ដែលជាកុមារកំព្រា ហើយរងគ្រោះនៅមណ្ឌលខាងលើ។
លោកបន្តទៀតថា នាឱកាសនោះដែរ ក្រៅតែពីការចែកអំណោយនិងអាហារសាមគ្គី លោកក៏បានផ្ដាំផ្ញើឲ្យពួកគាត់ខិតខំសិក្សារៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជាក្លាយជាក្មេងល្អ សិស្សល្អ សាងអនាគតជួយដល់សង្គមផងដែរ។ តាមរយៈនេះ បានធ្វើឲ្យមហាជនជាច្រើនសម្ដែងការគាំទ្រ និងសរសើរទឹកចិត្តរបស់តារាប្រុសរូបនេះ ដែលបានចែករំលែកក្តីស្រលាញ់ដល់ពួកគាត់៕