ក្រុមការងារអន្តរក្រសួង បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា និងសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ ដែលដឹកនាំដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។
បើតាមមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ឧកញ៉ាញូស៍ថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅប្រទេសកម្ពុជា បាននឹងកំពុងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៅឡើយ។
លោក ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានគូសបញ្ជាក់ពីការផ្ដល់ធាតុចូលយ៉ាងល្អៗ សមាជិកពាក់ព័ន្ធដើម្បីកែសម្រួលទៅតាមខ្លឹមសារ នៃសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គួររម្លឹកបន្តិចថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើតក្រុមការងារអន្តរក្រសួង កាលពីដើមខែមេសា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង ការផ្តល់ និងដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប។ ក្នុងនោះលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានចាត់តាំងជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូប ដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ៕