ជប៉ុន ផ្ដល់​សម្ភារប​រិក្ខា​រ​ពេទ្យដល់​កម្ពុជា ដើម្បីប្រ​យុទ្ធប្រឆាំ​ង​វីរុស​កូរ៉ូ​​ណា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់សម្ភារបរិក្ខារពេទ្យដល់កម្ពុជា រួមមាន អាវបំពង់​៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និង​ស្រោមដៃ២៤,៤០០គូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ឬ Covid-19 ប្រភេទថ្មី។ នេះបើយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាន​ទូតជប៉ុនប្រចាំ​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការផ្តល់សម្ភារ​បរិក្ខារទាំងនេះ ក្នុងសន្និធិ ASEF ដល់​ព្រះរាជាណាចក្រកម្ពុជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក។ សម្ភារទាំងនេះ​គឺជាផ្នែកមួយ​នៃឧបករណ៍​ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុក​ទុកក្រោម​ការឧបត្ថម្ភរបស់រដ្ឋាភិបាល​ជប៉ុន។

ស្ថានទូតជប៉ុនបានបន្ដថា សម្ភារទាំងនេះនឹងត្រូវបានផ្ញើមកដល់​កម្ពុជាពីឃ្លាំងនៅ​ប្រទេសសិង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។

ជប៉ុន បានសង្កត់ធ្ងន់ថា ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរ​ជាតិនេះគឺមិនអាចខ្វះ​បានដើម្បីការពារការរីករាលដាល​ថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណា​ប្រភេទថ្មី។ លើសពីនេះទៀត ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ប្រទេស​កម្ពុជា។

មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសិង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ដែលមានសកម្មភាពជា​ច្រើនផ្ដោត​ទៅលើវិស័យវប្បធម៌-សង្គម៕