លោក លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានលើកឡើងថា ប្រទេសចិននឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាឲ្យកាន់តែខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន ការបង្កើនការហោះហើរត្រង់មកកាន់កម្ពុជានិងការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងជួយកម្ពុជាលើការអភិវឌ្ឍថាមពលបៃតងជាដើម។
ការលើកឡើងរបស់លោក លីវ ជានចាវ ដូចនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ។
លោក លីវ ជានចាវ បានបន្តថា រយៈពេល ១៨ឆ្នាំកន្លងមកនេះ កម្ពុជា មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយប្រទេសទាំងមូល មានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការអភិវឌ្ឍ ប្រជាជនមានទឹកមុខញញឹមប្រិមប្រិយ និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានទទួលស្គាល់ និងគោរព ដែលទាំងនេះ បានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគួរជាទីគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងលោក លីវ ជានចាវ ដែលថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក្នុងន័យនេះ សម្ដេចតេជោ បានសូមអរគុណ និងសូមស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលាយថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម, កសិកម្ម, វិស័យវិនិយោគទុន, លើវិស័យទេសចរណ៍ ក៏ដូចជាលើវិស័យថាមពលបៃតងផងដែរ៕