លោក ហ៊ុន ម៉ានី ប្រាប់រឿងតួនាទីចម្បង ២ កាលជាជំនួយការសម្តេចនាយរដ្ឋមន្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនយោបាយវ័យក្មេង ហើយក៏កំពុងដឹកនាំយុវជននៅកម្ពុជា លោក ហ៊ុន ម៉ានី បានប្រាប់ពីកំហុសឆ្គងមួយចំនួនក្នុងតួនាទីកាលនៅធ្វើជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំឡុងឆ្នាំ២០០៨។ លោកថា កាលណោះពិតជាមានភាពខ្ជះខ្ជាយនឹងការងារ រហូតបានធ្វើឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តីបាត់បង់ទំនុកចិត្តលើរូបលោកអស់រយៈពេល៣ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកូនប្រុសពៅផង ជាមន្ត្រីជំនួយការផង លោកថា នៅពេលចាប់ផ្ដើមការងារនៅខុទ្ទកាល័យសម្ដេចតេជោមុនដំបូងនោះ លោកធ្លាប់អាក់ខានដល់ទៅ២ដង លើកទី១អាក់ខានអត់បានទៅតែម្ដង លើកទី២ ជិះទៅដល់កម្មវិធីហើយតែអត់ហ៊ានចូល ដូច្នេះលោកត្រូវខ្វែង២ដង ឬកត់ចំណាំកំហុស២ដង។

ពីក្រុងសៀមរាប ក្នុងពិធីផ្សព្វផ្សាយសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី របស់អ្នកនិពន្ធ លាង ដឺលុច នាពេលថ្មីៗកន្លងទៅ លោក ហ៊ុន ម៉ានី បានថ្លែងថា៖ «ពុក គឺជាមនុស្សមានវិន័យ និងទម្លាប់ធ្វើការច្បាស់លាស់ណាស់ គាត់មិនត្រឹមតែប្រើពាក្យច្បាស់លាស់ទេ គាត់ប្រើពាក្យប្រាកដប្រជា ហើយប្រាកដប្រជានេះ ក្នុងនាមជាលេខា ក៏ត្រូវប្រាកដប្រជាដែរ ព្រោះដើម្បីជៀសវាងគាត់ថា យូរម៉េះ! ឬមានការបន្ទោសអ្វីផ្សេង»។

លោកបន្តថា ពេលចូលធ្វើការនៅខុទ្ទកាល័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាឆ្នាំ២០០៨ តួនាទីរបស់លោកបានតែពីរទេ ទី១ កាន់កាតាបឯកសារជូនសម្ដេចតេជោ និងទី២ ជាអ្នកដាស់សម្ដេចតេជោ។ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការកាន់កាតាបជារូបភាពមើលទៅងាយស្រួលទេ ក៏ប៉ុន្តែសម្រាប់កាតាបរបស់នាយករដ្ឋមន្ត្រី ដែលស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនោះ គឺមិនដូចអ្វីដែលគិតនោះឡើយ។ លោកលើកឧទាហរណ៍ថា ពេលទៅប្រជុំក្រៅប្រទេសម្ដងៗ ដូចជាកិច្ចប្រជុំអាស៊ានជាដើម។

លោកបន្ថែមថា កិច្ចប្រជុំអាស៊ាន មិនដែលមានតែកិច្ចប្រជុំតែមួយនោះទេ គឺមានកិច្ចប្រជុំអាស៊ានរួម កិច្ចប្រជុំអាស៊ានជាមួយដៃគូ និងមានកិច្ចប្រជុំទ្វេភាគីក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាននោះដែរ។ ដូច្នេះកាតាបតែមួយ គឺមានឯកសារទាំងអស់នៅខាងក្នុង។ ក្នុងនាមជាអ្នកកាន់កាតាប កាន់ឯកសារ អត់អាចមានពេល ៥នាទីក្នុងការស្វែងរកឯកសារនីមួយៗនោះទេ ពោលគឺក្នុងរយៈពេលដ៏ខ្លីបំផុត។

ជំនួយការកាន់ឯកសារនេះ ត្រូវទាញកាតាប បើករួចស្រេចហើយ ត្រូវដឹងថា ឯកសារនោះ នៅត្រង់ណាក្នុងចំណោមឯកសារទាំងឡាយ ហើយថែមទាំងបើកទំព័រឱ្យត្រូវនូវអ្វី ដែលជាការចង់បានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងរយៈពេលដ៏ខ្លីផងដែរ។

គួររម្លឹកថា លោក ហ៊ុន ម៉ានី ធ្លាប់បានទៅសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិក និងបញ្ចប់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ហើយបានចូលបម្រើការងារនៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅឆ្នាំ២០០៨។

លោកជា​​​​តំណាង​រាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ របស់​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងជា​កូន​ប្រុសពៅ​របស់សម្តេចនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ សមាជិករដ្ឋសភាវ័យក្មេងរូបនេះមាន​ចំណាប់​អារម្មណ៍​លើ​នយោបាយ​ជា​ជាង​ជំនួញ​ពាណិជ្ជកម្ម៕