តម្លៃមីកញ្ចប់នឹងតម្រូវឲ្យមានការឡើងថ្លៃជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយនាយកដ្ឋានពាណិជ្ជកម្ម។
ជាធម្មតា តម្លៃមីកញ្ចប់ទំហំទូទៅនៅប្រទេសថៃគឺមានតម្លៃ ៦ បាត ប៉ុន្តែក្រុមហ៊ុនផលិតខ្នាតយក្សជាច្រើនបានស្នើសុំឲ្យរដ្ឋាភិបាលតំឡើងថ្លៃដល់ ៨ បាត ដោយសារការឡើងថ្លៃទំនិញទូទាំងសកលលោក។
យ៉ាងណា នាយកដ្ឋានពាណិជ្ជកម្មបានបញ្ជាក់ប្រាប់ AFP ថា តម្លៃដែលនឹងយល់ព្រមរវាងភាគីទាំងសងខាងគឺ ៧ បាតសម្រាប់មីកញ្ចប់ទំហំធម្មតា ហើយការអនុម័តនេះនឹងមានប្រសិទ្ធភាពពីថ្ងៃទី ២៥ សីហាតទៅ។
បន្ថែមពីនោះ លោក Veera Naphaprukchart មកពីក្រុមហ៊ុនផលិតមីកញ្ចប់ Wai Wai បានឲ្យដឹងថា ក្រុមហ៊ុនរកស៊ីលើវិស័យនេះកំពុងជួបប្រទះនឹងការឡើងថ្លៃទំនិញ និងប្រេង ដូចជាតម្លៃម្សៅស្រូវសាលីឡើងថ្លៃប្រមាណ ២០-៣០% ខណៈតម្លៃប្រេងដូងឡើងថ្លៃទ្វេដង៕