ឧកញ៉ា ហាស្សាន់ ចុះហត្ថលេខាជាមួយម៉ាឡេស៊ី ផ្តល់សេវាកម្មព្យាបាលជំងឺ និងផ្លាស់ប្តូរបទពិសោធ

ជំទាវស្រុកខ្មែរ

ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស​ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និង លោក Muhammad Daud Muhammad Arif នាយកប្រតិបត្តិ នៃ ក្រុមប្រឹក្សាលេីកកំពស់សេវាកម្មសុខាភិបាលម៉ាឡេស៊ី (MHTC) ចុះហត្ថលេខាលេីអនុស្សរណៈយោគយល់គ្នា​ (MoU) រវាង​ CMDF និង​ MHTC ដើម្បីផ្តល់សេវាកម្មព្យាបាលជំងឺនៅប្រទេសម៉ាឡេសុី និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងកម្ពុជា-ម៉ាឡេសុី នៅថ្ងៃទី២៥ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡេីងពីគោលបំណងសំខាន់នៃអនុស្សារណៈនេះ គឺដើម្បីផ្តល់ឱកាស និងជាជំរើសបន្ថែមទៀត ជូនដល់អ្នកជំងឺកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ថ្មីនៃការព្យាបាល ជាមួយនិងភាពទំនើបនៃវិស័យវេជ្ជសាស្រនៃប្រទេសម៉ាឡេស៊ី។

លោកឧកញ៉ាបន្តថា ពិធីចុះ MoU ថ្ងៃនេះ គឺជាការចូលរួមចំណែកបន្ថែម និងផ្ដល់ជម្រើសជូនអ្នកជំងឺកម្ពុជា ឲ្យកាន់តែទូរលំទូលាយ លើការសម្រេចចិត្តក្នុងការទទួលយកសេវាកម្មព្យាបាលសុខភាព ដែលមានតម្លៃសេវាកម្ម ទាបជាងទីផ្សារ ពី ៥០% ទៅ ៦០%។ ជាពិសេស សេវាកម្មនេះ ក៏ធានាផ្ដល់ជូននៅសន្តិសុខលើការធ្វើដំណើរ ស្នាក់នៅ ម្ហូបអាហារហាឡាល ដែលប្រកបទៅដោយផាសុកភាព។

ជាការពិត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស វិស័យសុខាភិបាល ក៏មានការរីកចំរើនគួរអោយកត់សំគាល់ ដែលស្តែងអោយឃើញតាមរយៈ សមត្ថភាពនៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីត-១៩ ការពង្រីកនូវហេដ្ឋារចនាសម្ពន្ធ័ សេវាសុខាភិបាលសារធារណៈ និងការបណ្តុះបណ្តាលធនធានមនុស្សស្របនិងកំរិតអន្តរជាតិ ។ លោកឧកញ៉ាបន្ថែម។

ទន្ទឹមនឹងនោះ លោក Muhammad Daud Muhammad Arif បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា CMDF នឹងក្លាយជាដៃគូរសហការណ៍ដ៏សំខាន់របស់ MHTC នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្របសម្រួល ជូនអ្នកជម្ងឺ ប្រឹក្សារយោបល ជ្រើសរើសមន្ទីរពេទ្យ និងគ្រូពេទ្យឯកទេសជូនអ្នកជម្ងឺ។ ជាមួយគ្នានោះ ក៏អាចនឹងផ្តល់នូវឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍ សម្រាប់គ្រូពេទ្យនៃប្រទេស ទាំងពីរផងដែរ។

សូមជម្រាបផងដែរថា MHTC ជាស្ថាបន័ឯកជនមួយ ដែលចូលរួមលើកំពស់សេវាសុខាភិបាល និងសុខុមាលភាពប្រជាជន ទាំងក្នុងប្រទេសម៉ាឡេស៊ី និងក្នុងតំបន់។ MHTC មានមន្ទីរពេទ្យដែលជាសមាជិកមានចំនួន ៧៩៕