រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងលើកដំបូងនៅកម្ពុជា ក្រោមទុនវិនិយោគដំបូងប្រមាណ ១០០លានដុល្លារ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការនាខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាលកម្ពុជា។
ក្នុងពេលចុះពិនិត្យគម្រោងផ្ទាល់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយពិធីបើកការដ្ឋានសាងសង់ នឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ជាមួយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រោងចក្រនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកវេជ្ជសាស្ត្រ មានអគារសម្រាប់ផលិត រក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់កម្មករជាដើម។លោកបន្តថា រោងចក្រនេះ គឺបម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំង Sinovac ដែលនឹងដឹកមកពីប្រទេសចិន។
គួរបញ្ជាក់ដែរថា រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺក្រោមកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន ដែលនឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។
រោងចក្រផលិតវ៉ាក់សាំង ក្រោមទុនប្រមាណ១០០លានដុល្លារ នឹងរោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា ដែលនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់បម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ៖ រង្សី