នៅចំពោះមុខលោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន លោក សួស យ៉ារ៉ា អនុប្រធានទី១គណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអះអាងពេលថ្មីៗនេះថា ភាគីកម្ពុជាយល់ស្រប គាំទ្រ និងឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក ដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការបក្ស និងរីករាយសហការជាមួយភាគីចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យទាក់ទងលើកិច្ចការអន្តរជាតិនិងក្នុងតំបន់ រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ការចូលរួមអនុវត្តគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន ក្នុងរយៈពេល ៩ ឆ្នាំបានជំរុញកំណើនពាណិជ្ជកម្ម វិស័យទេសចរណ៍ និងការវិនិយោគពីចិន នៅកម្ពុជា។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា គំនិតផ្តួចផ្តើម «ខ្សែក្រាវាត់និងផ្លូវ» ដែលបានដាក់ចេញនៅក្នុងរយៈពេល ៩ ឆ្នាំមក បានចូលរួម ផ្លាស់ប្តូរនិងការអភិវឌ្ឍ លើវិស័យសំខាន់ចំនួន ៣ រួមមាន ជំរុញកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា, ការអភិវឌ្ឍខាងវិស័យទេសចរណ៍ ,និងការចូលរួមក្នុងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា។
ពេលកន្លងទៅ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមជាខ្លាំងចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយចាត់ទុកគំនិតផ្តួចផ្តើមនេះ គឺជាចលករមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា និងប្រទេសជាសមាជិកទាំងអស់សរុប១២៦ ប្រទេសនោះ។
ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅឆ្នាំ២០១៦ ហើយកម្ពុជា ក៏ជាប្រទេសសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជាធនាគារដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដល់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ជាសមាជិកនៃគំនិតផ្តួចផ្តើមមួយនេះ កម្ពុជាត្រូវបានមើលឃើញទាញបានប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានស្រង់សម្តីលោក សួស យ៉ារ៉ា ថា កម្ពុជានិងចិន គឺជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រដែលមានទំនុកចិត្តលើគ្នាទៅវិញទៅមក ហើយសហគមន៍វាសនារួមរវាងកម្ពុជានិងចិនមិនអាចបំបែកបានឡើយ។
លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរនិងគណបក្សទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមគ្រប់ទម្រង់ ដោយភាគីទាំងពីរទទួលបានសមិទ្ធផលផ្លែផ្កាយ៉ាងច្រើនអនេកលើវិស័យជាច្រើន ដូចជាផ្នែកនយោបាយ ផ្នែកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងផ្នែកទំនាក់ទំនងមនុស្សសាស្រ្តជាដើម។
នៅក្នុងជំនួបនោះ លោក Liu Jianchao បានសង្កត់ធ្ងន់ថា ការជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា គឺជាលក្ខណៈពិសេសប្លែកនៃទំនាក់ទំនងរវាងចិននិងកម្ពុជា។
លោកបន្តថា ភាគីចិនសូមកោតសរសើរខ្ពស់ចំពោះការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលការណ៍ចិនតែមួយ និងការតែងផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់លើបញ្ហាទាក់ទងផលប្រយោជន៍ស្នូលរបស់ភាគីចិន។
កាលពីចុងឆ្នាំ២០២១កន្លងទៅ កម្ពុជា-ចិន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មចិន សម្រេចបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាពង្រឹងការវិនិយោគ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរ។
គួររំឭកថា ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិននៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ សម្រេចជាង២ពាន់៨៧៣លានដុល្លារអាមេរិកកើនឡើងជាង ៣០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង២ពាន់២រយលានដុល្លារអាមេរិក។ ប៉ុន្តែបើប្រៀបធៀបទំហំទឹកប្រាក់នាំចេញរបស់កម្ពុជាទៅចិនជាមួយទំហំប្រាក់នាំចូលពីចិនវិញ គឺនៅតែមានទំហំខុសគ្នាឆ្ងាយហៅមិនលឺដដែល។
ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅចិនមានទឹកប្រាក់ត្រឹមតែជាង ៣២១លានដុល្លារអាមេរិកប៉ុណ្ណោះនៅត្រឹមាសទី១ឆ្នាំនេះមានការថយចុះ៣,៥% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២១ ខណៈការនាំចូលពីចិនមកកម្ពុជាមានទឹកប្រាក់ជាង ២ពាន់៥៥០លានដុល្លារកើនឡើងជាង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕