បេក្ខបណ្ឌិត លោកស្រី ដាំ ដារីនី ឡើងការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី២ វគ្គ១ នៅរាជបណ្ឌិត្យសភាកម្ពុជា លើប្រធានបទ៖ «ការលើកកម្ពស់ស្ត្រីក្នុងកងយោធពលខេមរភូមិន្ទនៅកម្ពុជា» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
ការឡើងការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត របស់លោកស្រី ធ្វើឡើងក្រោមការណែនាំពីបណ្ឌិត សយ រាសី ក្នុងនោះក៏មានការចូលរួមវាយតម្លៃដោយផ្ទាល់ពីបណ្ឌិត អ៊ុំ ប៉ុម ជាប្រធាន បណ្ឌិត សុខ ទូច បណ្ឌិត ឌឹង សំណាង បណ្ឌិត សឿង សោភ័ណ និងបណ្ឌិត អ៊ុក ទុំ ជាសមាជិកវាយតម្លៃ។
ជាលទ្ធផល គណៈកម្មការវាយតម្លៃទាំងអស់ បានឯកភាពសម្រេចឱ្យបេក្ខបណ្ឌិត ដាំ ដារីនី ទទួលបានជោគជ័យលើការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត ជំនាញរដ្ឋបាលសាធារណៈ។
លោកស្រី ដាំ ដារិនី បច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលការងាររបស់លោកស្រីជួយរដ្ឋមន្រ្ដីលើការងារនាយកដ្ឋាននីតិកម្ម និងវិទ្យាសាស្រ្ដសុខាភិបាល ខ.ភ.ម។
លោកស្រីក៏ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ ហើយលោកស្រីក៏បានឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី១៦ នៅមណ្ឌលខេត្តកំពង់ចាម។
ក្រៅពីការងារជាមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោកស្រីក៏កំពុងដឹកនាំយុវនារី យុវជនវ័យក្មេងនៅកម្ពុជា ក្នុងតួនាទីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធាន៕