ម្ចាស់សិប្បកម្មច្នៃណែមលក់ក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង អ្នកស្រី ធឿន ស៊ីណាត អាចរកប្រាក់ចំណេញបានជាង១០០០ ដុល្លារក្នុងមួយខែ។
អ្នកស្រី ធឿន ស៊ីណាត មានអាយុ ៥៣ ឆ្នាំ រស់នៅក្នុង ភូមិខ្ពប ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រកបមុខរបរលក់ណែមអស់រយៈពេល ១៥ឆ្នាំមកហើយ បើគិតពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន។
ម្ខាស់អាជីវកម្មរូបនេះបានឲ្យឧកញ៉ាញូស៍ដឹងថា ណែមដែលគាត់ផលិតនេះមកមាន ៤ ប្រភេទផ្សេងៗគ្នាដូចជា ណែមត្រីលេខ ២ ណែមត្រីផ្ទក់លេខ ១ ណែមត្រីផ្ទក់លាយស្បែកជ្រូក និងណែមសាច់ជ្រូកលាយស្បែកជ្រូក។ ដោយឡែកក្នុងមួយថ្ងៃ ណែមស្បែកជ្រូកផលិតបានពី ៧០០០ ទៅ ៨០០០ គ្រាប់ ដោយប្រើសាច់និងស្បែកជ្រូកជាង ២០០ គីឡូក្រាម។
អ្នកស្រីបានឲ្យដឹងដែរថា គ្រាន់តែណែមស្បែកជ្រូកនេះគាត់អាចរកប្រាក់ចំណេញបានជាង ១០០០ ដុល្លារក្នុងមួយខែ។
អ្នកស្រី ធឿន ស៊ីណាត បានបង្ហើបពីលក្ខណៈពិសេសនៃណែមស្បែកជ្រូករបស់គាត់គឺ ស្បែកជ្រូកមានលក្ខណៈទន់ស្រួយ មានរសជាតិឆ្ងាញ់ប្លែកពីណែមដទៃ។ ណែមស្បែកជ្រូកនេះមានលាយគ្រឿងផ្សំដោយប្រើបរិមាណត្រឹមត្រូវដូចជា៖ ស្បែកជ្រូក ៧៥% អំបិល ២.៥% ខ្ទឹមស ៤.៥% រំដេង ៣% ស្ករ ១០.៥% ប៊ីចេង ១.៥% និងម្ទេស ៣% ។
ចំណែកណែម ៣ ប្រភេទទៀត ក្នុងមួយថ្ងៃគឺត្រូវការសាច់ត្រីជាង ១តោន ដើម្បីផលិតចេញជាណែម។ អតិថិជននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រៃវែង ខេត្តក្រចេះ រាធានីភ្នំពេញ និងតាមមួយចំនួនទៀត។
បន្ថែមលើនេះ អ្នកស្រីក៏បានលើកឡើងពីផលវិបាកមួយចំនួនក្នុងដំណើរការអាជីវកម្មនផងដែរគឺ មួយរយៈចុងក្រោយនេះទទួលបានប្រាក់ចំណេញតិចតួចព្រោះ អ៊ីវ៉ាន់ឡើងថ្លៃខ្លាំងពេក។ តែទោះជាយ៉ាងណា អ្នកស្រី ធឿន ស៊ីណាត ក៏បានថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រសិប្បកម្មណែមរបស់លោកស្រីតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។
សិប្បកម្មអ្នកស្រី ធឿន ស៊ីណាត មានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម និងបានចុះបញ្ជីដើម្បីធ្វើអាជីវកម្មស្របច្បាប់ផងដែរ។