កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅទីក្រុងចាកាតារ ប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វាគមន៍វត្តមានរបស់ម៉ាក ZARA មកកាន់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។
អ្នកឧកញ៉ា លាង ម៉េង បានស្វាគមន៍យ៉ាងកក់ក្តីចំពោះវត្តមានរបស់ម៉ាក ZARA ក្នុងការបើកហាងសម្លៀកបំពាក់របស់ខ្លួនដំបូងបំផុតនៅប្រទេសកម្ពុជា។ នេះជាសក្ខីភាពបញ្ជាក់ថា ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាពិភពនៃម៉ាកល្បីពិតៗ ខណៈដែលកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ផ្សារទំនើបមួយនេះ ក៏បានចុះ MOU ជាមួយក្រុមហ៊ុនល្បីៗចំនួន៩ ផងដែរ ក្នុងនោះរួមមានទាំង Master Grill, The Asian Kitchen, Starbucks, Kfour និង TEN11 ជាដើម។
ZARA ជាក្រុមហ៊ុនសំលៀកបំពាក់ រួមមានខោអាវ ស្បែកជើង ឈុតហែលទឹក ហើយក៏មានគ្រឿងសំអាង និងទឹកអប់ផងដែរ។ ក្រុមហ៊ុនមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៧៥ មានការិយាល័យកណ្តាលនៅប្រទេសអេស្ប៉ាញ។ មកទល់បច្ចុប្បន្ន ZARA មានហាងជាង ២០០០ កន្លែង នៅតាមប្រទេសជាច្រើន ជុំវិញពិភពលោក។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានផ្សារទំនើបខ្នាតយក្សចំនួន៦ នៅរាជធានីភ្នំពេញ ក្នុងនោះមានដូចជា៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល (ផ្លូវមហាវិថីព្រះនរោត្តម) និងផ្សារទំនើបជីបម៉ុង បាក់ទូក សម្ពោធកាលចុងឆ្នាំ២០១៩, ផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និងផ្សារទំនើបជីបម៉ុង ៥៩៨ សម្ពោធ កាលពាក់កណ្តាលឆ្នាំ២០២០, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល សម្ពោធកាលពាក់កណ្តាលឆ្នាំ២០២១ និង Chip Mong Tower គ្រោងនឹងសម្ពោធ នៅឆ្នាំ២០២២នេះ៕