ត្រឹមឆ្នាំ២០២២នេះ ក្រុមហ៊ុនជប៉ុនប្រមាណជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ដែលភាគច្រើនផ្តោតលើវិស័យធនាគារ សំណង់ និងធានារ៉ាប់រងជាដើម។ នេះបើតាមការឲ្យដឹងពីលោក កាន់ដា យូហ្គូ ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន។
ក្នុងជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យនៅកម្ពុជា រៀបចំដោយធនាគារ អេស៊ីលីដា ពេលថ្មីៗនេះ លោក កាន់ដា យូហ្គូ បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនជាង ២៥០ នេះ លោកយោងទៅតាមក្រុមហ៊ុនដែលបានចុះបញ្ជីនៅសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ប៉ុន្តែមានក្រុហ៊ុនច្រើនទៀតដែលកំពុងវិនិយោគនៅកម្ពុជា តែមិនបានចុះបញ្ជីជាមួយសមាគម។
លោកថា ក្នុងចំណោមក្រុមហ៊ុនជាង ២៥០ ក្នុងនោះ មាន ២៥ ភាគរយវិនិយោគលើវិស័យកម្មមន្តសាល ២៥ ភាគរយវិនិយោគលើពាណិជ្ជកម្ម និងសេវាកម្ម ហើយ ៥០ ភាគរយទៀតវិនិយោគលើវិស័យទូទៅ ដូចជាធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រង។
លោកបញ្ជាក់បន្ថែមថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ មានក្រុមហ៊ុនហ៊ុនជប៉ុនថ្មីបានមកបោះទុនវិនិយោគនៅកម្ពុជាចំនួន ៨ ក្រុមហ៊ុន។ ទុនថ្មីបន្ថែមនៅកម្ពុជានេះ ត្រូវលោកសង្ឃឹមថា ឆ្នាំ២០២៣ខាងមុខ នឹងមានក្រុមហ៊ុនជប៉ុនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើរ។
ទន្ទឹមនឹងនេះដែរ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចំពោះមុខលោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាពេលកន្លងទៅ ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះ លោក ម៉ាសាហ៊ីរ៉ុ មីខាមី ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ រដ្ឋាភិបាល ចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២, ៩ប៊ីលានដុល្លារអាមេរិក។
សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ៤៨០លានដុល្លារអាមេរិក ដែលមានការកើនឡើង ៣,៥% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៥លានដុល្លារ ខណៈជប៉ុន បាននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧៤លានដុល្លារ៕