ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការងារដ៏លំបាកមួយសម្រាប់ខ្ញុំនៅពេលស្នើសុំ ឬអន្តរាគមន៍ចូលកងទ័ព

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញពីការសម្រេចចិត្តពាក់ព័ន្ធការជ្រើសរើសកងទ័ព កាលពី ៤ឆ្នាំមុន ដែលធ្វើឱ្យលោកជួបការលំបាកក្នុងការសម្រេចចិត្តព្រោះត្រូវបែកចែករវាងមនោសញ្ចេតនា និងការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនយោធិនត្រូវចូលសោធននិវត្តន៍ឆ្នាំ២០១៩ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានបង្ហោះវីដេអូនៅថ្ងៃទី២៧ សីហានេះលើទំព័រហ្វេសបុកផ្ទាល់ខ្លួន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានឱ្យដឹងថា នៅពេលជ្រើសរើសកងទ័ពតែងមានការសុំអន្តរាគមន៍ពីសំណាក់និវត្តន៍ជនដែលជាមន្ត្រីយោធា ឬនគរបាលជាដើម ដើម្បីឱ្យកូនរបស់ពួកគេបានចូលកងទ័ព។ ក្នុងនោះមាននិវត្តន៍ជនជាអាណាព្យាបាល បានថ្នាំងថ្នាក់ និងស្អប់លោកថែមទៀត ព្រោះតែការអន្តរាគមន៍មិនបានសម្រេច។

លោកថ្លែងថា៖ “វាជាការងារដ៏លំបាកមួយសម្រាប់លោកនៅពេលការស្នើសុំ ឬអន្តរាគមន៍បែបនេះ ព្រោះថា បើឱ្យត្រូវឱ្យទាំងអស់គ្នា បើអត់ត្រូវអត់ទាំងអស់គ្នា បើមិនដូច្នោះទេអ្នកបានរីករាយ អ្នកអត់បាន គឺមិនរីករាយនោះឡើយ។ ដូច្នេះដើម្បីឱ្យមានតម្លាភាព និងអាចទទួលបានទាំងអស់គ្នា គឺមានតែការប្រឡងប៉ុណ្ណោះ”។

សម្រាប់ឧត្តមសេនីយ៍ ផ្កាយ ៣ វ័យក្មេងរូបនេះ ការប្រឡង គឺជារឿងយុត្តិធម៌សម្រាប់គ្រប់គ្នា ពោលអ្នកមានសមត្ថភាព គឺជាប់។

លោកថ្លែងបន្ថែមថា មនោសញ្ចេតនា ត្រូវប្រកាន់យកមនោសញ្ចេតនាដែលមានលក្ខណៈទូលំទូលាយបំផុត ដែលផ្តល់នូវការយោគយល់ស្មើគ្នា។ ដោយឡែកការងារ ត្រូវប្រកាន់ជំហរច្បាស់លាស់ ដោយផ្អែកលើគោលការណ៍តម្លាភាព និងយុត្តិធម៌៕