មុនវិបត្តិកូវីដ១៩ សាកលវិទ្យាល័យបញ្ញាសាស្ត្រ ទទួលបាននិស្សិតជាង ២ម៉ឺននាក់ក្នុងមួយឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានឲ្យដឹងថា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្នុងឆ្នាំ២០២០-២០២១ ចំនួននិស្សិតចុះឈ្មោះសិក្សាមានការថមថយគួរឲ្យកត់សម្គាល់ ដោយមានប្រមាណពី ៣,០០០ ទៅ ៥,០០០ នាក់តែប៉ុណ្ណោះ។ លោកថា បច្ចុប្បន្ននេះនិស្សិតកំពុងបន្តការសិក្សាកើនឡើងដល់ប្រមាណ ៨,០០០ នាក់ ពីមុនព្រឹត្តិការណ៍កូវីដនិស្សិតមានជាង ២០,០០០ នាក់ ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ១,០៥១ អង្គ-នាក់ លើកទី១០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី២៧សីហាម្សិលមិញ លោក វ៉េង សិរីវុឌ្ឍ បានបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិមានទី តាំងសរុបចំនួន ១០កន្លែង ក្នុងនោះមាន៖ សាខា៨ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងទីតាំង២ទៀត ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តោតទៅលើជំនឿយ៉ាងមោះមុតថា វិស័យអប់រំ គឺជាគន្លឹះសម្រាប់ពង្រឹង សន្តិភាព និងអភិវឌ្ឍន៍ជាតិ សាកលវិទ្យាល័យបញ្ញាសាស្ត្រ បានបំពេញតួនាទី របស់ខ្លួន ឲ្យអស់ពីសមត្ថភាពដើម្បីអនុវត្តចក្ខុវិស័យនេះ ឲ្យបានដល់ទិសដៅ ព្រោះថាកាលណាប្រជាពលរដ្ឋមានការ សិក្សាចេះដឹងជ្រៅជ្រះប្រកបដោយសមត្ថភាពខ្ពស់ និងវិជ្ជាជីវៈដ៏ត្រឹមត្រូវប្រជាពលរដ្ឋ នឹងមានលទ្ធភាព ចូលរួមយ៉ាងសកម្ម ក្នុងការកសាងសង្គមជាតិ ឲ្យកាន់តែរីកចម្រើនឡើង ។

លោកបន្ថែមថា ឈរលើទស្សនៈនេះ សាកលវិទ្យាល័យបញ្ញាសាស្ត្រ ខំប្រឹងផ្តល់ជូននិស្សិតនូវកម្មវិធី អប់រំប្រកបដោយគុណធម៌ខ្ពស់ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់សង្គមជាតិ និងសហគមន៍ពិភពលោកដោយសង្កត់ធ្ងន់ទៅលើគុណភាពនៃ ការអប់រំ ឈរលើមូលដ្ឋាន ស្រាវជ្រាវ ការសិក្សាពីសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលខុសត្រូវចំពោះសង្គម៕