​​អ្នក​និពន្ធ និង​​​ប្រវត្តិវិទូ​​ស្រី​ដ៏​ល្បី​​របស់​ខ្មែរ​​ អ្នកស្រី ត្រឹង ងា ទទួលមរណភាព

សង្គម​ និង​សេដ្ឋកិច្ច

អ្នកស្រី ត្រឹង ងា ដែល​​​និស្សិត​​ខ្មែរ​​​ច្រើន​​ស្គាល់​​​ក្នុង​សៀវភៅ​​អរិយធម៌​ខ្មែរ ​និង​សៀវភៅ​​ប្រវត្តិសាស្ត្រ​ខ្មែរ​​ភាគ ១ និង​​ភាគ ​២ បានទទួលមរណភាព ក្នុងជន្មាយុ ៨៣ឆ្នាំ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ត្រឹង ងា ​មាន​ឈ្មោះ​ដើម​​​ថា ឡាយ ហ៊ុនគី កើត​នៅ​ថ្ងៃទី ២៤ ខែ ​វិច្ឆិកា ឆ្នាំ ១៩៣៩ នៅ​ភូមិ​​​ស្រមោច​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​​ព្រះនេត្រព្រះ ខេត្ត​បាត់ដំបង (បច្ចុប្បន្ន ខេត្ត​បន្ទាយមានជ័យ)។ ឈ្មោះត្រឹង ងា គឺជាឈ្មោះរបស់ស្វាមីអ្នកស្រី​​ ដែល​មាន​ស្រុក​កំណើត​ជា​អ្នក​ស្រុក​យីងចូវ ​ខេត្ត​ពលលាវ​ នៅ​កម្ពុជា​ក្រោម​។ ​

 អ្នកស្រី​បាន​ចាប់​អាជីព​​​ជា​គ្រូ​បង្រៀន​​តាំង​ពី​ឆ្នាំ ​១៩៥៧ ​នៅ​ខេត្ត​បាត់ដំបង ក្រោយមកជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ, ជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី។

ក្រោយ​ពី​ចូលនិវត្តន៍​មក អ្នកស្រី ត្រឹង ងា បាន​ចំណាយ​ពេល​​ភាគ​ច្រើន​​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​ខេត្ត​បន្ទាយមានជ័យ និង​បាន​ប្តូរ​លំនៅ​មក​រស់នៅ​ជាមួយ​កូនប្រុស​ទី ​៣ នៅ​​​ភ្នំពេញ នៅ​​ក្នុង​ឆ្នាំ ​២០១៩​ រហូត​មក​ទល់​សព្វ​ថ្ងៃ។

ចំណែក​សៀវភៅ​​អរិយធម៌​ខ្មែរ ​ដែល​ជា​ស្នាដៃ​ដ៏​មាន​តម្លៃ​របស់​អ្នកស្រី​ គឺ​ជា​ប្រភព​ឯកសារ​ដ៏​ចម្បង និង​​បាន​រួម​ចំណែក​យ៉ាង​​សំខាន់​​សម្រាប់​អ្នក​សិក្សា​ថ្នាក់​បញ្ចប់​ ក៏​ដូច​ជា​ អ្នក​ស្រាវជ្រាវ​ និង​​​យុវជន​ជំនាន់​ក្រោយ ​ក្នុង​ការ​សិក្សា​រៀនសូត្រ​ ពង្រីក​ចំណេះ​ដឹង​ និង​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​វប្បធម៌ និង​​​អរិយធម៌​ខ្មែរ។

​ ​អ្នកស្រី​ ត្រឹង ងា ទទួល​​បាន​​សញ្ញាបត្រ​កិត្តិបណ្ឌិត ផ្នែក​អក្សរសាស្ត្រ ពី​រាជ​​បណ្ឌិត្យ​សភា​កម្ពុជា ​តាមរយៈ​​​សេចក្ដី​សម្រេច ​លេខ ​០៥២ / ២០ ស.ស.រ. កាលពីថ្ងៃទី​១៩ ខែ​តុលា​ ឆ្នាំ​២០២០៕