ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល (Confirel) និងជាម្ចាស់សហគ្រាសផលិតឱសថ PPM បានលើកឡើងថា លោកប្រើប្រាស់ដើមទុន ១០០% ជាការវិនិយោគដោយជនជាតិខ្មែរ និងធនធានមនុស្សទាំងអស់សុទ្ធតែជាជនជាតិខ្មែរ ហើយក្រុមហ៊ុនទាំងពីររបស់លោក អាចទទួលបានជោគជ័យយ៉ាងខ្លាំង រហូតល្បីលើឆាកអន្តរជាតិថែមទៀត។
លោកឧកញ៉ា បានថ្លែងឱ្យដឹង កាលពីខែមីនា ឆ្នាំ២០២២ ថា ក្រុមហ៊ុន Confirel បង្កើតឡើងនៅឆ្នាំ២០០១ ប៉ុន្តែលោកបានគិតគូរតាំងពីរបបខ្មែរក្រហមដួលរលំ កាលឆ្នាំ១៩៧៩ មកម្ល៉េះ និងបានរៀបចំគំនិតក្លាយជាគម្រោងឡើងនៅឆ្នាំ១៩៩០។ គំនិតបង្កើតក្រុមហ៊ុននេះឡើង គឺដើម្បីអាចឲ្យផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ មានវត្តមាននៅលើទីផ្សារអន្តរជាតិបាន និងដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករខ្មែរ។
បច្ចុប្បន្នក្រុមហ៊ុន Confirel បានផលិតនូវផលិតផលក្នុងស្រុកជាច្រើនប្រភេទដូចជា តែកញ្ចប់ផ្កាម្រេចកំពត ស្ករត្នោតសរីរាង្គ ស្ករគ្រាប់ត្នោតសូកូឡា ស្រាទឹកត្នោតរស់ជាតិដើម ស្រាទឹកត្នោតរស់ជាតិខ្ញី ស្រាទឹកត្នោតរស់ជាតិម្នាស់ ស្រាទឹកត្នោតចាយ៉ា ទឹកស៊ីរ៉ូត្នោតសរីរាង្គ និងផលិតផ្សេងៗមួយចំនួនទៀត។ ផលិតផលក្នុងស្រុកទាំងនេះ បានជួយឱ្យក្រុមហ៊ុនឈ្នះពានមាសនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលឆ្នាំ២០០៥ និងពានរង្វាន់ជាច្រើនទៀតដូចជាប្រទេសជប៉ុន និងអាស៊ាន រួមទាំងពានរង្វាន់សហគ្រិនថ្នាក់ជាតិលេខ១ ប្រចាំឆ្នាំ២០២១ ផងដែរ។
រីឯសហគ្រាសផលិតឱសថប៉េប៉េអឹម លោកឧកញ៉ា ក៏កំពុងតែពង្រីកទីផ្សារតំណាងចែកចាយថ្នាំគីណាល់ ដែលជានិមិត្តរូបឱសថដ៏ល្បីរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាច្រើនប្រទេស។ កម្ពុជា បានផលិតថ្នាំគីណាល់ ដំបូងគេនៅអាស៊ីអាគ្នេយ៍ កាលឆ្នាំ១៩៦០។ រហូតមកទល់ពេលនេះ ថ្នាំគីណាល់ ដែលសម្រាប់ព្យាបាលការឈឺចាប់ បានក្លាយជាថ្នាំដែលល្បីល្បាញបំផុតរបស់កម្ពុជាទាំងនៅក្នុងប្រទេស និងលើពិភពលោក។
គីណាល់ត្រូវបាននាំចេញទៅលក់នៅបរទេសរហូតដល់ជាង២០ប្រទេស ដូចជា ប្រទេសហ្គីណេ កូតឌីវ័រ បេណាំង កុងហ្គោ តូហ្គោ ម៉ាលី នីហ្សេ បួគីណាហ្វាសូ សេណេហ្កាល់ ហ្គាបុង ឆាដ កាមេរូន អង់ហ្គោឡា ម៉ាដាហ្គាស្កា ហ្គំប៊ី ជីប៊ូទី ហ្គីណេ អេក្វាទ័រ ម៉ូរីតានី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ព្រមទាំងប្រទេសវៀតណាម ផងដែរ៕