ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាសហរដ្ឋអាមេរិក ដែលបានឈានចូលដល់គម្រប់ ៧២ ឆ្នាំ នៅឆ្នាំ ២០២២នេះ ហាក់មានភាពល្អូកល្អឺនដោយពេល ដោយពេលខ្លះក៏ឈានទៅផ្តាច់ទំនាក់ទំនងការទូតក៏មាន។ ប៉ុន្តែ សហរដ្ឋអាមេរិកហាក់មានចំណាប់អារម្មណ៍ មានចិត្តចង់ប្រតិព័ទ្ធកម្ពុជា បើទោះបីជាពេលខ្លះអាមេរិកខ្លួនឯង តាំងខ្លួនជាបងធំក៏ដោយ។
សហរដ្ឋអាមេរិក បានបង្កើតចំណងការទូតជាផ្លូវការលើកដំបូងជាមួយកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ១ ៩៥០ ដែលនៅពេលនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដំបូងគេគឺលោក Donald Heath បានប្រគល់សារតាំងថ្វាយព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។
ក្នុងអំឡុងទសវត្សរ៍ ១៩៥០ នោះ សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជា ដែលផ្តោតទៅលើវិស័យអប់រំនិងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសាងសង់ផ្លូវល្បឿនលឿនមិត្តភាពខ្មែរ-អាមេរិកាំង (បច្ចុប្បន្នផ្លូវជាតិលេខ៤) ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដែលជាក្រុងកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជាផង។ មេដឹកនាំកម្ពុជានៅគ្រានោះ គឺអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ក៏បានបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកផងដែរ។
ក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ ក្រោមវត្តមានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាសរុបចំនួន ១៧ នាក់ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងកម្ពុជា មានភាពបត់បែន និងឡើងចុះទៅតាមស្ថានភាពនយោបាយក្នុងសម័យកាលនីមួយៗ។
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ចាប់ផ្តើមស្គាល់ភាពរកាំរកូស និងធ្លាក់ដុនដាបខ្លាំងរហូតដល់មានការផ្តាច់ចំណងការទូតនៅពាក់កណ្តាលទសវត្សរ៍ ១៩៦០ មុននឹងទំនាក់ទំនងនេះត្រូវបានស្តារឡើងវិញនៅចុងទសវត្សរ៍ដដែលនោះ ដោយមានការធ្វើទស្សនកិច្ចរបស់ស្ត្រីទី១របស់សហរដ្ឋអាមេរិកគឺ លោកស្រី Jacqueline Kennedy នៅកម្ពុជា។
ទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានកាត់ផ្តាច់ម្តងទៀតចាប់ពីពាក់កណ្តាលទសវត្សរ៍ ១៩៧០ នៅពេលដែលក្រុមខ្មែរក្រហមបានឡើងកាន់អំណាច។ ទើបតែនៅដើមទសវត្សរ៍ ១៩៩០ ប៉ុណ្ណោះ ដែលសហរដ្ឋអាមេរិកចាប់ផ្តើមស្តារទំនាក់ទំនងការទូតហើយចាប់ផ្តើមផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាឡើងវិញ។ ប៉ុន្តែ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងអំឡុងពេលប្រមាណ ៣០ ឆ្នាំកន្លងមកនេះ ភាគច្រើនតែងមានភាពរកាំរកូស និងតានតឹង ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដោយអាមេរិកចោទកម្ពុជាថា ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ។
យ៉ាងណា ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មានលក្ខណៈល្អប្រសើរជាងពេលមុន។ នេះអាចថា ប្រមុខការទូតអាមេរិកាំងប្រចាំកម្ពុជាបច្ចុប្បន្ន ប្រកាន់យកឥរិយាបទទន់ភ្លន់តែម៉ឺងម៉ាត់។ កំឡុងខែកញ្ញា ឆ្នាំ២០១៩ ក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានមកដល់កម្ពុជា ជាមួយនឹងក្តីសង្ឃឹមរបស់លោក គឺបញ្ជៀសជម្លោះនិងពង្រឹងទំនាក់ទំនងតាមរបៀបដែលអាចផ្តល់ប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីរ។
លោក W. Patrick Murphy បានថ្លែងថា៖ «យើងមកក្នុងប្រទេសកម្ពុជាមិនមែនដើម្បីជ្រៀតជ្រែក ឬធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ។ យើងគោរពឯករាជ្យនិងអធិបតេយ្យរបស់ប្រទេសនេះ។ យើងចង់ធ្វើជាមិត្តល្អនិងជាដៃគូដ៏ល្អមួយ»។ លោកឯកអគ្គរដ្ឋទូតបន្តទៀតថា សហរដ្ឋអាមេរិក មិនកាន់ជើងភាគីណាមួយទេ តែលោកបន្ថែមថា៖ «យើងសង្ឃឹមថាអាចមានកិច្ចប្រឹងប្រែងរួមគ្នា ដោយមានការព្រមព្រៀងគ្នាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានពេញលេញ»។
តាមរយៈពាក្យសម្ដី និងកាយវិការលោកឯកអគ្គរដ្ឋទូតប្រើកន្លងមកនេះ ហាក់ដូចជាមានភាពការទូត មានភាពទន់ភ្លន់ មានភាពស្និទ្ធស្នាលជាងមុន ដែលអាចឆ្លុះបញ្ចាំងថា សហរដ្ឋអាមេរិកនៅតែប្រកាន់គោលការណ៍របស់ខ្លួនថា ខ្លួនហ្នឹងធ្វើកិច្ចការជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ក្នុងបទវិចារណកថាមួយរបស់លោក W. Patrick Murphy ដែលចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក កាលពីខែកក្កដា ឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូតរូបនេះ អះអាងថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តបន្តជួយកម្ពុជា ស្តារសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងមានលក្ខណៈធនជាងនេះទៀតនៅពេលអនាគត ទោះបីជាមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះក៏ដោយ។
សម្រាប់ក្រុមអ្នកសេដ្ឋកិច្ច និងនយោបាយជាច្រើននៅកម្ពុជា បានចាត់ទុកភាពល្អូកល្អឺនក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក្នុងពេលថ្មីៗនេះ គឺដោយសារអាមេរិកមិនចង់រុញកម្ពុជាឲ្យធ្លាក់ចូលកាន់តែជ្រៅទៅក្នុងកណ្តាប់ដៃចិនតែប៉ុណ្ណោះ។
មានរឿងរ៉ាវជាច្រើនដែលកម្ពុជា ធ្លាប់បានផ្តល់ដល់សហរដ្ឋអាមេរិក ប៉ុន្តែមានករណីពិសេសមួយធ្វើឱ្យអាមេរិកមានការចង់ចាំទង្វើកម្ពុជាចំពោះពលរដ្ឋអាមេរិក ក៏ដូចជាពលរដ្ឋលើពិភពលោក ក្នុងនោះនៅខែកុម្ភៈ ឆ្នាំ ២០២០ កម្ពុជា ក៏បានសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam របស់ក្រុមហ៊ុនអាមេរិកមួយ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីនាវានោះ ត្រូវបានបដិសេធដោយប្រទេសជាច្រើន ដោយសារការបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបច្ចុប្បន្ន ត្រូវតែងតាំងក្នុងអាណត្តិប្រធានាធិបតីទី៤៥ លោក ដូណាល់ ត្រាំ ដែលទើបផុតអាណត្តិនៅដើមឆ្នាំ២០២១។
នៅពីដើមខែវិច្ឆិកាឆ្នាំ២០១៩ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានផ្ញើសារតាមរយៈលិខិតមួយច្បាប់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានសរសេរថា៖ «វាមានសារៈសំខាន់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីរបស់យើង ក្នុងការធ្វើឲ្យប្រទេសកម្ពុជាវិលត្រឡប់ទៅលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យវិញ»។ ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ រូបនេះ ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកមិនបានស្វះស្វែងរកការផ្លាស់ប្តូររបបក្នុងប្រទេសកម្ពុជានោះទេ។
ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលលិខិត សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបជាលិខិតទៅកាន់អតីតប្រធានាធិបតី ត្រាំ វិញនៅចុង ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយលើកឡើងថា កម្ពុជាយល់ព្រមធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យល្អប្រសើរទំនាក់ទំនងទ្វេភាគីឡើងវិញ។
ទោះបីជាបែបនេះក្តី ទំនាក់ទំនងកម្ពុជានិងអាមេរិកនៅតែខ្វះភាពល្អូកល្អឺនក្នុងជំនាន់រដ្ឋបាល ប្រធានាធិបតី ចូ បៃដិន។ នៅខែឧសភា ឆ្នាំ២០២២នេះ នាកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន របស់សហរដ្ឋអាមេរិកជាលើកដំបូងនៅក្នុងរយៈពេល ១៥ ខែ ចាប់តាំងពីលោក បៃដិន បានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ ២០២១ មក។
ក្នុងអំឡុងពេលជាង ១ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋបាលលោក បៃដិន និងរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ហាក់នៅតែបន្តរកាំរកូស ក៏ប្រហែលទំនងដោយវត្តមានឥទ្ធិពលរបស់ចិននៅប្រទេសកម្ពុជា។ កាយវិការ ដែលស្តែងចេញជារាត្រីទឹកឃ្មុំនៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិក ដូចជាមិនមានស្ថានការណ៍វិវត្តន៍ឈានដល់កម្រិតគួរឲ្យកត់សម្គាល់ណាមួយនៅឡើយ ខណៈរដ្ឋបាល អតីតប្រធានាធិបតី ត្រាំ និងប្រធានាធិបតីអាមេរិកបច្ចុប្បន្ន នៅបន្តលក្ខខណ្ឌតឹងរ៉ឹងដាក់ទណ្ឌកម្មមកលើមន្រ្តីរាជរដ្ឋាភិបាល និងអ្នកជំនួញកម្ពុជាមួយចំនួនផងដែរ។
យ៉ាងណាក៏ដោយ ទោះបីជាតឹងមាត់តឹងសម្ដីចោទគ្នាយ៉ាងណា កម្ពុជាក៏បានបង្ហាញជំហរចង់ស្ដារទំនាក់ទំនងជាមួយអាមេរិកផងដែរ។ តាំងពីឆ្នាំ ២០១៩ មករដ្ឋាភិបាលកម្ពុជាបានជួបក្រុមហ៊ុនអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីឡប់ប៊ីបញ្ចុះបញ្ចូលទាក់ទាញវិនិយោគិនអាមេរិកាំងឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
សូមជម្រាបជូនថា សហរដ្ឋអាមេរិកជាទីផ្សារនាំចេញចម្បងបំផុតមួយរបស់កម្ពុជា។ របាយការណ៍របស់ការិយាល័យជំរឿនអាមេរិកក្នុងសប្តាហ៍នេះឲ្យដឹងថា រយៈពេល៣ខែ ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិកមានជាង ២ ៩១៦លានដុល្លារ កើនឡើងប្រមាណ៤៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីត្រីមាសទី១ឆ្នាំ២០២១ ដែលមានទំហំត្រឹមតែ ១ ៩៦៩លានដុល្លារ។
តាមរយៈទិន្នន័យដដែលនេះ បង្ហាញថាការនាំទំនិញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងប្រមាណ៥០.៦៧% ពោលគឺក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិកក្នុងទំហំជាទឹកប្រាក់ប្រមាណ ២ ៨០៧លានដុល្លារ ដែលបានកើនឡើងពី ១ ៨៦៣លានដុល្លារ កាលពីត្រីមាសទី១ឆ្នាំ២០២១។
ប៉ុន្តែការនាំទំនិញអាមេរិកមកកម្ពុជាវិញ ហាក់មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់ទេ ក្នុងត្រីមាសទី១នេះ ពោលគឺកម្ពុជាបាននាំចូលទំនិញអាមេរិក ដែលមានទឹកប្រាក់ជាង ១០៩លានដុល្លារ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២១កើនឡើង២.៩១%ប៉ុណ្ណោះ។
ក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន កាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់នៅក្នុងឆ្នាំ២០២១។
បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាអាម៉េរិកសម្រេចបាន ៧.៨ពាន់លានដុល្លារ កើនឡើងប្រមាណ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥.៥ពាន់លានដុល្លារ៕