អ៊ីស្រាអែល នឹងពិចារណាសំណើរកម្ពុជាសុំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល បានឲ្យដឹងថា ភាគីអ៊ីស្រាអែល នឹងយកសំណើរកម្ពុជា លើការសុំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្ម ទៅពិនិត្យ ពិចារណាជាមួយភាគីពាក់ព័ន្ធមួយជំហានសិន។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់កម្ពុជា កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពន៍នៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណឹងដែលនិស្សិតកម្ពុជាទទួលបានជោគជ័យនាពេលពួកគាត់បញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល ហើយបានយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យនេះ។

ដោយឡែក ចំពោះករណីស្នើសុំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្ម ឯកឧត្តមថា ភាគីអ៊ីស្រាអែលថានឹងយកទៅពិនិត្យ ពិចារណា និងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធមួយជំហានសិន។

ទាក់ទិននឹងការលើកឡើងនេះ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ អ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហការជាមួយក្រសួងកសិកម្មកម្ពុជាលើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម និងដោយឡែកការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជា បានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ សរុបមាន      និស្សិតចំនួន ១ ៤៦៩នាក់។

ជាងនេះទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ឯកឧត្ដមអះអាងថា ការលើកសំណើឲ្យអ៊ីស្រាអែល ពិចារណា និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជា៖ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។

សូមជម្រាបជូនដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះដែរ ភាគីទាំងពីរ ក៏បានឯកភាពបង្កើតក្រុមការងារជំនាញ ដើម្បីរៀបចំអនុស្សារណៈនៃការយោគយល់គ្នាក្នុងស្មារតីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាពថែមទៀត៕