មុនមានបានដូចសព្វថ្ងៃ ស្ថាបនិក Amazon ធ្លាប់ធ្វើការទទួលបានប្រាក់ត្រឹម ២ ដុល្លារ/ម៉ោង

អន្តរជាតិ

ជឿថា អ្នកណាៗ​ក៏​ស្គាល់​ពី​ស្ថាបនិក Amazon លោក Jeff Bezos ដែរ ដ្បិត​មុន​មាន​ Elon Musk ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក តំណែង​មួយ​នេះ​ធ្លាប់​បាន​គ្រប់គ្រង​ដោយ​អតីត​ CEO ក្រុមហ៊ុន Amazon អស់​រយៈពេល​ជា​ច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដ្បិត​លែង​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លើលោក​ក្ដី ក៏ Jeff Bezos នៅតែ​គ្រង​តំណែង​ជា​អ្នកមាន​បំផុត​លើ​លោក​ទី ៣ ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១៥៥ ពាន់​លាន​ដុល្លារ​ផង​ដែរ។ នេះ​បើតាម​ទិន្នន័យ​ចុះផ្សាយ​ដោយ Forbes។

កន្លង​មក​លោកអ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​ខ្លះៗ​ពី​ប្រវត្តិ​អាជីវកម្ម​របស់​មហាសេដ្ឋី​អាមេរិក​ខាងលើ​ ដែល​គោល​បំណង​នៃ​ការ​បង្កើត Amazon តំបូង គឺ​ដើម្បី​តែ​លក់​សៀវភៅ​ប៉ុណ្ណោះ មុនពេល​ផ្លេតហ្វម​មួយ​នេះ​ពង្រីក​ខ្លួន​កាន់តែ​ធំ​ រហូត​ក្លាយជា​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ធំ​បំផុត​មួយ​លើ​លោក។

យ៉ាងណា បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​ Yourstory បាន​ទម្លាយ​ថា មុន​បង្កើត​ Amazon លោក Jeff Bezos ទទួល​បាន​ការងារ​តំបូង​នៅ​ទសវត្ស​ឆ្នាំ ១៩៨០ នៅ​ភោជនីយដ្ឋាន McDonald ក្នុង​នាម​ជា​អ្នក​បំពង​ដំឡូង​បារាំង ដែល​ទទួល​បាន​កម្រៃ​ប្រមាណ​ ២ ដុល្លារ/ម៉ោង។

នេះ​អាច​ជា​មេរៀន​មួយ​ដែល​​បង្រៀន​យើង​ថា រាល់​ការ​ជោគជ័យ​ធំធេង​ទាំងអស់​គឺ​ ផ្ដើមចេញ​ពីចំណុច​តូចតាច​ទៅ​ជា​បណ្ដើរៗ តួយ៉ាង​មិនមែន​មានតែ​ Jeff Bezos ម្នាក់​ឡើយ​ដែល​ធ្លាប់​ធ្វើការ​បាន​កម្រៃ​តិចតួច មុនពេល​ក្លាយជា​មហាសេដ្ឋី ពោល​សូម្បី​តែ Warren Buffet ក៏​ដូចគ្នា ដែល​ការងារ​តំបូង​របស់​លោក​ ទទួល​បាន​ប្រាក់​ខែ​ត្រឹម​ប្រមាណ ១៧០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៕