ប្រទេសមួយនៅអាស៊ី គ្រោងនាំចូលស្រូវសាលីកន្លះលានតោនពីរុស្ស៊ី

អន្តរជាតិ

មួយ​រយៈកាល​ចុងក្រោយ​នេះ សង្វាក់ផ្គត់ផ្គង់​ស្បៀង​អាហារ​ជា​សកល​មាន​ការ​រាំងស្ទាំង ដោយសារ​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ជា​ប្រទេស​នាំចេញ​ស្រូវសាលី​ធំ​បំផុត​មួយ​លើ​លោក កំពុង​ជាប់ដៃ​ធ្វើ​សង្គ្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្រោយ​មាន​ការ​អន្តរាគមន៍​ពី​ប្រទេស​មហាអំណាច​ជាច្រើន ភាគី​ទាំងសង​ខាង​បាន​ព្រមព្រៀង​នាំចេញ​ផលិតផល​កសិកម្ម​របស់​ពួកគេ​ឡើង​វិញ ហើយ​ក្នុង​នោះ​ប្រទេស​បង់ក្លាដេស​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ការ​នាំចូល​ស្រូវសាលី​ប្រមាណ​កន្លះលាន​តោន​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី CNA។

ក្នុង​នោះ​ផង​ដែរ បង់ក្លាដេស​យល់ព្រម​ជាមួយ​រុស្ស៊ី​ក្នុង​ការ​ទូទាត់​លុយ​សម្រាប់​ស្រូវសាលី ៥០០ ០០០ តោន ក្នុង​តម្លៃ​ ៤៥០ ដុល្លារ/តោន ដែល​មាន​ន័យ​ថា ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ ២២៥ លាន​ដុល្លារ​អាមេរិក​លើ​ការ​នាំចូល​ស្រូវសាលី​ពី​រុស្ស៊ី។

ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ផងដែរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ឥណ្ឌា​ដែល​ជា​ម៉ូយធំ​របស់​បង់ក្លាដេស អាក់ខាន​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​ជូន​ប្រទេស​ជិតខាង ជាហេតុ​តម្រូវ​ឲ្យ​ប្រទេស​មួយ​នេះ​ងាក​មក​ចរចា​ជាមួយ​រុស្ស៊ី​វិញ។

សូមជម្រាប​ដែរ​ថា បើសិន​ជា​ការ​ចរចា​អាច​ប្រព្រឹត្ត​ទៅ​រលូន នោះ​រដ្ឋាភិបាល​បង់ក្លាដេស និង​រុស្ស៊ី​នឹង​ចុះកិច្ចព្រមព្រៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ការ​ដឹកជញ្ជូន​នឹង​ធ្វើ​ឡើង​នៅ​ខែមករា​ឆ្នាំ​ក្រោយ។ នេះ​បើតាម​សម្ដី​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយ​រូប​បាន​បង្ហើប​ប្រាប់ CNA៕