គម្រោងសេវា 5G តម្លៃ ២៥ ពាន់លានដុល្លាររបស់មហាសេដ្ឋីឥណ្ឌា នឹងសម្ពោធមុនដាច់ឆ្នាំ ២០២២

អន្តរជាតិ

ក្រុមហ៊ុនទូរគមនាគមន៍កំពូលរបស់ប្រទេសឥណ្ឌា Jio ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមមេ Reliance Industries Ltd បានប្រកាសថា នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សេវាព្រព័ន្ធ 5G សម្រាប់អតិថិជនរបស់ខ្លួនជាលើកដំបូង នៅក្នុងរយ:ពេលពីរខែខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋី Mukesh Ambani ដែលជាប្រធានក្រុមហ៊ុនខាងលើ បាននិយាយនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំថា ក្រុមហ៊ុនរបស់លោក បានបេ្តជ្ញាចិត្ត ក្នុងការចាយលុយប្រមាណ ២ ទ្រីលានរូពី ឬ ២៥ ពាន់លានដុល្លារ ដើម្បីដាក់ឱ្យដំណើរការ សេវាកម្ម 5G មួយនេះ ។ លោកបន្ថែមទៀតថា ក្រុមហ៊ុន នឹងចាប់ផ្តើមដាក់ឱ្យដំណើរការសេវា 5G នៅក្នុងទីក្រុងសំខាន់ៗ មុនពេលគ្របដណ្តប់ទូទាំងផ្ទៃប្រទេស នៅខែធ្នូ ឆ្នាំ ២០២៣ ។

នៅដើមខែនេះ Jio បានក្លាយជាក្រុមហ៊ុន ដែលមានការចំណាយច្រើនបំផុត ក្នុងការដាក់ដំណើរការប្រព័ន្ធសេវា 5G ក្នុងប្រទេសឥណ្ឌា ដោយបានឈ្នះទៅលើក្រុមហ៊ុន Airwaves ដែលបានចំណាយត្រឹម ១១ ពាន់លានដុល្លារ ។

គួរឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាមានបំណងចាប់ផ្តើមដាក់ឱ្យដំណើរការសេវា 5G ដែលខ្លួនអះអាងថា អាចផ្តល់ល្បឿនទិន្នន័យលឿនជាងសេវា 4G ប្រហែល ១០ ដង ត្រឹមខែតុលាឆ្នាំនេះ។

នៅទូទាំងពិភពលោក បណ្តាញសេវាជំនាន់ចុងក្រោយបង្អស់មួយនេះ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់សម្រាប់បច្ចេកវិទ្យា ដែលកំពុងមានភាពរីកចម្រើន ដូចជាការប្រើប្រាស់លើរថយន្តបើកបរដោយខ្លួនឯង និងបញ្ញាសិប្បនិម្មិតជាដើម ៕