ឧកញ៉ា ឃាង ពុទ្ធី នាំយកសាលាបង្រៀនអ្នកជំនាញអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី មកកាន់កម្ពុជា

ជុំវិញ​ឧកញ៉ា

នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ ​​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ Pattaya ប្រទេស​ថៃ​ហើយ ដើម្បី​ត្រៀម​ចុះ​​ហត្ថលេខា​ នាំ​យក​សាលា​បណ្តុះបណ្តាល​អ្នក​ជំនាញ​​អចលនទ្រព្យ​ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី ​​​​Real Centre Academy (RCA) មក​កាន់​ទឹកដី​​ព្រះរាជាណា​ចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Khompound ​​រូប​នេះ​ បាន​ថ្លែង​ប្រាប់​ដល់ ឧកញ៉ា ញូស៍ នៅ​ព្រលប់​ថ្ងៃ​ចន្ទ​​​នេះ​ថា ពេល​នេះ​លោក​កំពុង​នៅ​ទីក្រុង Pattaya ប្រទេស​ថៃ ​​ហើយ​​លោក​ទៅ​កាន់​ទី​នោះ​ ដើម្បី​ចុះ​ហត្ថលេខា​នាំ​​យក​សាលា​​ RCA ដែលជាសាលា​បណ្តុះបណ្តាល​អ្នក​ជំនាញ​​អចលនទ្រព្យ​ដ៏​ល្បី​មួយ​​​នៅ​​ប្រទេស​សិង្ហ​បុរី មក​កាន់​កម្ពុជា។ លោក​បន្ត​​​ថា សាលា​នេះ​បាន​បណ្តុះបណ្តាល​ភ្នាក់ងារ​អចលនទ្រព្យ​​​ប្រហែល ៦០% ​នៅ​ទូទាំង​ប្រទេស​សិង្ហបុរី​ទាំង​មូល និង​មាន​​​​សាខា​​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ផង​ដែរ​ដូចជា ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ឥណ្ឌា។

លោកឧកញ៉ា ឃាង ពុទ្ធី ​​យល់ឃើញ​ថា​ បញ្ហា​ដែល​កើត​ឡើង​និង​ភាព​អវិជ្ជមាន​មួយ​ចំនួន ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​​ប្រទេសកម្ពុជា ​​ ​ដោយសារ​​ការ​ខ្វះ​ចំណេះ​ដឹង ការ​អប់រំ​បណ្តុះបណ្តាល និង​ជំនាញ​ច្បាស់​លាស់។ ដូច្នេះ​ការ​នាំ​យក​សាលា​ដែល​មាន​ជំនាញ​ វិជ្ជាជីវៈ​ច្បាស់​លាស់ ​ពី​ប្រទេស​សិង្ហបុរី​ទៅ​កាន់​កម្ពុជា ​នៅ​ថ្ងៃ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ខិត​ខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​សមត្ថភាព​ភ្នាក់ងារ និង​អ្នក​ជំនាញ​អចលនទ្រព្យ​ទាំង​អស់​នៅកម្ពុជា ដើម្បី​ឱ្យ​វិស័យ​អចលនទ្រព្យ​​​នៅ​កម្ពុជា មាន​ភាព​រីក​ចម្រើន​ ឱ្យ​ដូច​និង​ជឿន​លឿន​ជាង​ប្រទេស​ជិត​ខាង។

គួរ​រំឭក​ថា​ ​លោកឧកញ៉ា​បណ្ឌិត​ គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia ​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ថា ខណៈ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សន្ទុះ​ងើបឡើង​ទាំង​តម្លៃ​និង​ការ​វិនិយោគ កំណើន​ភ្នាក់ងារ​និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​កំណើន​ឡើង​គួរ​អោយ​កត់សម្គាល់ ​ប៉ុន្តែ​ក្នុង​ចំណោម​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ដែល​មាន​ចំណេះ​ដឹង​ និង​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​នេះ ជា​ពិសេស​នោះ​ក​ង្វះ​ការ​យល់​ដឹង​អំពី​ភាព​ស្របច្បាប់​នៃ​អចល​ទ្រព្យ៕