ចុងសប្តាហ៍នេះ ម្ចាស់អាជីវកម្ម​ជិត ២ពាន់នាក់ ណាត់គ្នាកសាង​បណ្ដាញក្នុងកម្មវិធីមហាសន្និបាត BNI ប្រចាំឆ្នាំ

អាជីវកម្ម

ពិធីជួបជុំដ៏ធំមួយក្នុងចំណោមម្ចាស់អាជីវកម្មប្រមាណ ១៧០០នាក់ ​នឹងធ្វើឡើង​​នៅ​ចុង​សប្ដាហ៍នេះ នៅឌឹ ព្រីមៀ​ សែនសុខ ក្នុងរាជធានីភ្នំពេញ ក្នុងកម្មវិធី មហាសន្និបាត BNI កម្ពុជា ឆ្នាំ ២០២២ ដើម្បី​កសាង​ទំនាក់ទំនងអាជីវកម្មផង និង​ដុសខាត់គំនិត​ថ្មីៗ​ក្នុងការ​អភិវឌ្ឍន៍អាជីវកម្មផង​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡុក ស្មីតសាមឌី គឺជាស្ថាបនិក និងជាប្រធាន BNI កម្ពុជា បានមានប្រសាសន៍ថា ៖ “យើងបានរៀបចំមហាសន្និបាតនេះ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យម្ចាស់អាជីវកម្មបានមកជួបជុំគ្នា​ បានចាប់ដៃគ្នា បានសាកសួរអំពីអាជីវកម្មគ្នាទៅវិញទៅមក ការផ្គូរផ្គងអាជីវកម្ម និងការរៀនសូត្រ ។ សមាជិកទាំងអស់នៅក្នុង BNI ចូលចិត្តរៀនណាស់ ។ នៅពេលដែលពួកគាត់រៀនកាន់តែច្រើន គាត់អភិវឌ្ឍខ្លួនកាន់តែខ្ពស់ ធ្វើឲ្យគាត់​មានឱកាសអាជីវកម្មកាន់តែធំ” ។

សមាជិក ដែលចូលរួម​ក្នុង​មហាសន្និបាត BNI កម្ពុជា ២០២២ នេះ បានសម្ដែង​ការ​អបអរសាទរ ក្នុងឱកាស​ដែលបានចូលរួម​ក្នុងពិធីជួបជុំ​ដ៏ធំប្រចាំឆ្នាំ របស់ BNI នេះ ហើយ​បានលើកឡើងពីអត្ថប្រយោជន៍​​ ជា​ច្រើន ក្នុងការចូលរួមជាសមាជិករបស់ BNI កម្ពុជា  ដែលបានជួយបង្កើនអាជីវកម្ម​របស់ពួកគាត់។

លោក សុខ សំអាត ជាស្ថាបនិក​ និងជា​អគ្គនាយកក្រុមហ៊ុន Yoopec ដែលជាសេវា Digital Marketing  ដែលជួយរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារ និងជួយគ្រប់គ្រងការងារផ្សព្វផ្សាយអនឡាញ ដើម្បីឲ្យ​ការលក់កើនឡើងក្នុងកញ្ចប់សេវាកម្មរួមាន រៀបចំយុទ្ធសាស្រ្តធ្វើទីផ្សារ ថតរូប ឌីសាញ ផលិតវីដេអូ បង្កើតគេហទំព័រ​ និង Boosting និងជាសមាជិក BNI កម្ពុជា​ បានមានប្រសាសន៍ថា៖ “​បញ្ហា​របស់ខ្ញុំមុនចូល BNI បញ្ហាដំបូងនោះគឺថា ខ្ញុំគ្រប់គ្រង​អាជីវកម្មរបស់ខ្ញុំ ពេលយើងមានឧបសគ្គ យើងអត់មានអ្នកសួរនាំ ។ ហើយចំណេះដឹងនៃការ​ដឹកនាំ​ក្រុមហ៊ុន ចំណេះដឹងនៃការ​ដឹកនាំបុគ្គលិក គឺយើងអត់មាន ហើយយើងម្នាក់ឯងដូចជាតែលតោល ។ ………មុនពេលខ្ញុំចូល BNI ខ្ញុំជួបរឿងបញ្ហាជាច្រើន តែបញ្ហាទាំងអស់នោះត្រូវបានដោះស្រាយ​ពេលខ្ញុំចូលរួមជាមួយ BNI ។ ខ្ញុំបានទាំងឱកាសអាជីវកម្ម ខ្ញុំបានទាំងអតិថិជន ​បានទាំងគម្រោង​ពី BNI ។ បានទាំងការរីកចម្រើនទៀត ។ ហើយខ្ញុំលើកទឹកចិត្ត​បងប្អូនម្ចាស់អាជីវកម្ម ដែលគាត់មិនទាន់បានចូលរួមជាមួយ BNI ខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ចូលរួមជាមួយ BNI ដើម្បី​រីកចម្រើនទាំងអស់គ្នា” ។

ស្ថាបនិក BNI កម្ពុជា លោក​ ឡុក ស្មីតសាមឌី​ បានពន្យល់បន្ថែមទៀតថា ការចូលរួមជា​សមាជិករបស់ BNI កម្ពុជា  មានន័យថា សមាជិក​នឹងទទួលបាននូវ​ចំណេះដឹង​ដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួន ។

លោក សម្ភាសន៍លោក ឡុក ស្មីតសាមឌី ជាស្ថាបនិក និងជាប្រធាន BNI កម្ពុជា  បានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់បានស្គាល់ BNI សូមឲ្យគាត់ទៅជួប Chapter ដែលនៅក្បែរគាត់ជាមុនសិន ដូចជានៅភ្នំពេញ សៀមរាប បាត់ដំបង និងកណ្តាល គឺឲ្យពួកគាត់ទៅ មើលសិន ។ បើគាត់ឃើញថា Chapter អាចជួយពង្រីកអាជីវកម្មរបស់គាត់បាន …..សូម​ឲ្យគាត់អញ្ជើញចូល ។ ហើយការចូល BNI នេះគឺល្អមែនទែន” ។

លោក សូ ឡងឌី ស្ថាបនិកក្រុមហ៊ុន​ Comzone Asia – brand communications បានមានប្រសាសន៍ថា ក្រុមហ៊ុន Comzone Asia ក៏បានធ្វើជា​ដៃគូយុទ្ធសាស្ត្រ​ ដើម្បីជួយគាំទ្រ​ និង​ជំរុញការរីកចម្រើនរបស់ BNI កម្ពុជា ឲ្យក្លាយជា​បណ្ដាញអាជីវកម្ម​ឈានមុខគេនៅកម្ពុជា ។

ក្រុមហ៊ុន​បាន​ឲ្យដឹងថា ម្ចាស់អាជីវកម្មនានា គួរគិតគូរពង្រឹង​ម៉ាកយីហោរបស់ខ្លួន ដើម្បីអាច​រីក​ចម្រើនកាន់តែ​ខ្លាំង និងទទួលប្រាក់ចំណេញកាន់តែខ្ពស់ ។

ក្នុង​ឆ្នាំ ២០២២ សមាជិករបស់ BNI កម្ពុជា មានចំនួន​ ១៨៣៤ នាក់ ។ ក្នុងឆ្នាំ ២០២​២ នេះ សមាជិក​ បានផ្ដល់នូវឱកាសអាជីវកម្ម​ឲ្យគ្នា​ទៅវិញទៅមក មានចំនួនប្រមាណជាង ៩៧០០០ ឱកាស​អាជីវកម្ម ដែល​គិតជាទឹក​​ប្រាក់មានចំនួន ជាង ៧៧ លានដុល្លារ ។  BNI កម្ពុជា​សង្ឃឹមថា នៅឆ្នាំ ២០២៣ សមាជិក​របស់ខ្លួននឹងកើនឡើងដល់ ៣000​ នាក់ ហើយ​ការ​ផ្ដល់ឱកាសអាជីវកម្ម​នឹងកើនឡើងដល់ ១៩ ម៉ឺនឱកាសអាជីវកម្ម ។