Unicef៖ ការអភិវឌ្ឍជំនាញ គឺជាការបើកឱកាសការងារដល់យុវជនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អង្គការយូនីសេហ្វ(Unicef) ព្រមទាំងយុវជនពីររូប ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងអប់រំ រៀបរាប់ពីវិថីទៅរកភាពជោគជ័យក្នុងវិស័យការងារ បានចាត់ទុកថា ការអភិវឌ្ឍជំនាញ គឺជាការបើកឱកាសការងារដល់យុវជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុវជនវ័យ១៦ឆ្នាំ លោក ជា សុធា គឺជាជាងកាត់សក់វ័យក្មេងបានឲ្យដឹងថា បើទោះបីជាលោក​ទើបធ្វើការងារនេះបានរយៈពេល​ប្រាំមួយ​ខែក្ដី តែមាន​មានសេចក្ដីរីករាយដូចគ្នា​ក្នុងការធ្វើការងារនេះ ព្រោះលោក ​ទទួលបានការលើកទឹកចិត្ត ​បទពិសោធល្អៗពីម្ចាស់ហាង​របស់គាត់ និងផ្ដល់ឱកាសឲ្យលោកអនុវត្តជំនាញកាន់តែរីកចម្រើនច្រើន។​

ជាមួយគ្នានេះ យុវជន ណេង សុជាតា មានអាយុ ១៨ឆ្នាំ ដែលបានចាប់ផ្ដើម​ការងារថ្មីជាងចុងភៅ​នៅក្នុងហាងកាហ្វេអ៊ីតាលីនៅចំកណ្ដាល​រាជធានីភ្នំពេញបានលើកឡើងដែរថា« ខ្ញុំសប្បាយចិត្តខ្លាំងណាស់​ក្នុងការប្រើប្រាស់ជំនាញ និងចំណេះដឹង ដែលខ្ញុំបានរៀន​ពីអង្គការមិត្តសំទ្បាញ់។ ការធ្វើការងារនៅទីនេះ​ គឺជាចំណុចចាប់ផ្ដើម​នៃអាជីពរបស់ខ្ញុំ និងជាជំហាន​ដំបូង​ឆ្ពោះ​ទៅរកការសម្រេចក្ដីសុបិន្តរបស់ខ្ញុំ»។

យុវជនទាំង២រូបខាងលើនេះ គឺបានចូលរួម​នៅក្នុងកម្មវិធីបណ្ដុះបណ្ដាល​បច្ចេកទេស វិជ្ជាជីវៈ និងអប់រំ (TVET) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់​ឲ្យយុវជនងាយរងគ្រោះនូវ​ជំនាញដែលពួកគេត្រូវការ ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុងវិស័យ​ការងារនេះ។

TVET ជាកម្មវិធីដ៏ចាំបាច់ក្នុងការជួយត្រៀមលក្ខណៈយុវជន ដើម្បីមានភាពជោគជ័យនៅក្នុងទីផ្សារការងារនៅទសវត្សទី២១នេះ។ ការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាលជាបន្តបន្ទាប់របស់យុវជនកម្ពុជា នឹងជាការចាំបាច់ក្នុងការគាំទ្រក្រុមងាយរងគ្រោះបំផុត នៅពេលដែលប្រទេសឈានទៅស្ដារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសកម្មវិធីនានាដែលកំណត់ទិសដៅលើយុវជន ដែលឈប់រៀននៅមុនថ្នាក់ទី៩។

ក្នុងនោះដែរ យុវជនសុធា នៅពេលសុធា​បានចាប់ផ្ដើមធ្វើការងារនៅហាងកាត់សក់ដំបូង​ គាត់រកប្រាក់ចំណូលបាន ១២០ដុល្លារក្នុងមួយខែ ដែលលើសពីប្រាក់ចំណូលដែលគាត់ទទួលបាន​ពីមុន​ជាងពីរដង។ យ៉ាងណា ដោយ​មានការតាំងចិត្ត និងជំនាញរបស់គាត់ នៅពេលបច្ចុប្បន្ន​ អាស្រ័យលើប្រាក់លើកទឹកចិត្តពីអតិថិជន គាត់រកប្រាក់ចំណូលបាន​រវាង​ពី ២០០ដុល្លារ និង២២០ដុល្លារ​ក្នុងមួយខែ​ផងដែរ។

ចំណែកឯសុជាតាវិញ នៅពេលនាងបានចាប់ផ្ដើម​ធ្វើការងារនៅភោជនីយដ្ឋានដំបូង នាងរកចំណូលបាន ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែ​ចំណូលរបស់នាងបានកើនឡើងដល់ ២២០ដុល្លាររួចហើយ ជាមួយនឹងកម្រៃជើងសារ និងផលប្រយោជន៍នានា។

គួរបញ្ជាក់ដែរថា អំឡុងខែមករា ឆ្នាំ២០២០ និងខែកញ្ញា ឆ្នាំ២០២១ ក្មេងជំទង់ និងយុវជន​ជាង ៤០០នាក់​បានចុះឈ្មោះ​នៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានចូលរួម​នៅក្នុងការហ្វឹកហាត់ជាកូនជាង និងការហាត់ការ​ដោយមិនទទួលបានប្រាក់ឈ្នួល​នៅក្នុងកម្មវិធី TVET ​របស់អង្គការមិនសំឡាញ់។ ជាង ៨០ភាគរយនៃពួកគេ​បានបញ្ចប់កម្មវិធីនេះយ៉ាងពេញលេញ ហើយពួកគេ​ទទួលបានការងារ​នៅក្នុងវិស័យ ដែលពួកគេបានសិក្សា ឬ​ប្រកបមុខរបររបស់ពួកគេផ្ទាល់៕